(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានក្លាយជាស្ថាប័នផ្សព្វផ្សាយអប់រំក្នុងស្រុកឈានមុខគេ។ ស្ថាប័ននេះ ជាធនធានដ៏មានតម្លៃ ដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការចែករំលែកចំណេះដឹង ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ការយល់ដឹង របស់ប្រជាជនកម្ពុជាគ្រប់វ័យ និងគ្រប់ជាន់ថ្នាក់។

ការចុះអនុស្សរណៈនេះ បានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ និងជាជំហានយ៉ាងសំខាន់ ដើម្បីបង្កើនឱកាសទទួលបានការអប់រំ សម្រាប់ប្រជាជនកម្ពុជាទូទាំងផ្ទៃប្រទេស។

កម្មវិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata និងលោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។

Smart ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលតែងតែខិតខំបំពេញភារកិច្ចជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងបណ្ដុះធនធានមនុស្សទូទាំងប្រទេស ដើម្បីធានាថា បរិវត្តកម្មសង្គមឌីជីថលអាចប្រព្រឹត្តិទៅប្រកបទៅដោយបរិយាបន្ន។

កិច្ចសហការនេះបានលេចចេញជារូបរាងឡើង ដើម្បីបើកឱកាសឱ្យសិស្សានុសិស្សអាចទស្សនាវីដេអូនៅលើប្រព័ន្ធ EBC បានយ៉ាងងាយស្រួល។
ការសហការនេះ ជាកិច្ចចាប់ផ្ដើមដំបូងនៃចក្ខុវិស័យរួម ក្នុងការផ្ដល់កញ្ចប់ទិន្នន័យអ៊ីនធឺណិតបន្ថែមដល់សិស្សានុសិស្ស សម្រាប់ប្រើប្រាស់ថ្នាលមាតិកាឌីជីថលដែលរៀបចំឡើងដោយ EBC ដោយចាប់ផ្ដើមដំបូងចេញពីវិទ្យាល័យហ៊ុនសែនសេរីភាព ដែលមានសិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ការប្តេជ្ញារបស់យើងក្នុងការលើកកម្ពស់សង្គមឌីជីថល នៅក្នុងប្រទេសកម្ពុជា ជាមូលហេតុយ៉ាងសំខាន់ពីក្រោយការគាំទ្រ ថ្នាលមាតិកាឌីជីថលនេះ។ ជាជំហានដំបូង យើងបានឧបត្ថម្ភទិន្នន័យអ៊ិនធឺណិត ប្រចាំថ្ងៃដល់សិស្សពីវិទ្យាល័យហ៊ុនសែនសេរីភាព ហើយយើងកំពុងផ្ដល់ឱកាសឱ្យពួកគេចូលទស្សនាវីដេអូអប់រំ នៅលើថ្នាលមាតិកា EBC ដោយមិនចាំបាច់ចំណាយប្រាក់បន្ថែម។ ហើយដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សា ឱ្យបានកាន់តែសំបូរបែប យើងក៏មានផ្ដល់នូវកញ្ចប់សេវាកម្ម Home internet រួមទាំងគម្រោងនានា ដើម្បីឱ្យពួកគេអាចប្រើប្រាស់ EBC ដោយគ្មានក្ដីបារម្ភ។»

Smart នឹងនៅតែបន្តបណ្ដុះអ្នកដឹកនាំវ័យក្មេងឱ្យប្រកបដោយចំណេះដឹង តាមរយៈមាតិកាអប់រំដែលបង្កើនការយល់ដឹង និងបង្កើនការចូលរួមពីសិស្សានុសិស្ស។ ការលើកទឹកចិត្តសិស្សឱ្យចេះ ទាញយកនូវអត្ថប្រយោជន៍ និងចំណេះដឹងពីស្ថាប័ន EBC នេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន។

លោក Ziad Shatara ក៏បានបន្តថា «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងនឹងបន្តសហការជាមួយ EBC ឱ្យកាន់តែស្អិតរមួត ដើម្បីពង្រីកវិសាលភាពនៃគម្រោងនេះដល់សិស្ស និងប្រជាពលរដ្ឋឱ្យកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស»។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់យើង ក្នុងការលើកកម្ពស់ឱកាសទទួលយកការអប់រំ សម្រាប់សិស្សានុសិស្សកម្ពុជាទាំងអស់»

ក្រុមហ៊ុន Smart នឹងបន្តភារកិច្ចនេះឱ្យកាន់តែប្រសើរ ដោយមានការផ្ដល់ជូនពិសេស សម្រាប់អ្នកសិក្សាកំពូលនៅលើថ្នាល EBC ដែលនឹងត្រូវបានប្រកាសនៅពេលដែលកម្មវិធីនេះចាប់ផ្តើម។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart កំពុងធ្វើដំណើររួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើឱ្យការសិក្សាបែបឌីជីថល បានទៅដល់អ្នកសិក្សាទាំងអស់។
ភាពជាដៃគូនេះជាចំណែកមួយ នៃការប្តេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះនឹងបើកឱកាសឱ្យកាន់តែទូលំទូលាយ ដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗ ដើម្បីទទួលបានជោគជ័យក្នុងសង្គមឌីជីថល នាពេលខាងមុខនេះ៕