(បរទេស)៖ និយតករការងាររដ្ឋកាលីហ្វ័រញ៉ា សម្រេចពិន័យក្រុមហ៊ុន Amazon​ ចំនួន ៥.៩ លានដុល្លារ ដោយនិយាយថា ក្រុមហ៊ុនលក់រាយតាមអនឡាញមួយនេះ បរាជ័យក្នុងការជូនដំណឹងដល់កម្មករឱ្យបានត្រឹមត្រូវ អំពីកូតាផលិតផលនៅឃ្លាំងចំនួនពីរកន្លែង ហើយនេះជាការបំពានច្បាប់ ដែលបានចូលជាធរមានកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

និយតករការងាររដ្ឋកាលីហ្វ័រញ៉ា លោកស្រី Lilia Garcia-Brower បានប្រកាសពីការផាកពិន័យនេះជាសាធារណៈនៅថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ២០២២ តម្រូវឱ្យនិយោជកផ្តល់ការពិពណ៌នាជាលាយលក្ខណ៍អក្សរលំអិតអំពីកូតា ដល់កម្មករ ហើយ ប្រសិនបើពួកគេខកខាន អាចនឹងត្រូវដាក់ពិន័យផងដែរ។ ក្នុងការស៉ើបអង្កេត បានរកឃើញថាក្រុមហ៊ុន Amazon បានបំពានច្បាប់នេះជិត ៦០,០០០ដង ក្នុងរយៈពេល៥ខែ ដែលបញ្ចប់នៅក្នុងខែមីនា នៅឯឃ្លាំងដ៏ធំនៅចំនួនពីរ គឺ Moreno Valley និង Redlands នៅខាងក្រៅទីក្រុង Los Angeles ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Amazon លោក Maureen Lynch Vogel បាននិយាយថា ក្រុមហ៊ុនកំពុងប្តឹងឧទ្ធរណ៍ចំពោះការចោទប្រកាន់ខាងលើនេះ ហើយបានបដិសេធថា បុគ្គលិកផ្នែកឃ្លាំង មិនបានកំណត់កូតានោះទេ។ លោក Lynch Vogel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តរបស់បុគ្គលិក នៅក្រុមហ៊ុន Amazon ត្រូវបានវាយតម្លៃក្នុងរយៈពេលយូរមកហើយ ទាក់ទងទៅនឹងរបៀបដែលក្រុមការងារធ្វើការ៕