(ភ្នំពេញ)៖ លោកបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី និងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានចាត់ទុកកុមារ និងយុវជន ដែលចូលរួមប្រកួតកីឡាតេក្វាន់ដូដើម្បីអបអរសាទរខួបលើកទី៧៥ នៃទិវាកុមារអន្ដរជាតិ គឺជាទំពាំងស្នងឬស្សី និងជាថ្នាលនិស្ស័យវ័យក្មេង សម្រាប់ត្រៀមលក្ខណៈបន្ដវេនចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទិវាកុមារអន្ដរជាតិ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានក្លិបតេក្វាន់ដូវិទ្យាល័យបឹងត្របែក ។ ការប្រកួតរៀបចំដោយសមាគមតេក្វាន់ដូរាជធានីភ្នំពេញនេះ ធ្វើឡើង ១ថ្ងៃពេញ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ១៥២នាក់ មកពី ៨ក្លិបចូលរួមប្រកួត លើវិញ្ញាសាជាច្រើន ចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៧ឆ្នាំ ។

ប្រធានសមាគមដដែលបន្ដថា ផ្អែកលើការរៀបចំការប្រកួតកម្រិតកុមារ និងយុវជនប្រចាំឆ្នាំនេះ សបញ្ជាក់ឲ្យឃើញពីការរួមចំណែក ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល នៃការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហេតុនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាការគាំទ្រ និងជំរុញពីសំណាក់អាណាព្យាបាលផងដែរ ។

លោកបណ្ឌិត ជ័យ ចាប បន្ដថា ទោះបីឆ្លងកាត់ការប្រកួតរយៈពេល ១ថ្ងៃ មានអ្នកទទួលបានមេដាយ និងពុំទទួលបានមេដាយ តែការចូលរួមនេះ បានផ្ដល់ឲ្យកុមារ និងយុវជនទាំងអស់ ទទួលបាននូវឱកាសអភិវឌ្ឍន៍ និងបណ្ដុះបាននូវស្មារតីមិត្តភាព សាមគ្គីភាព ដែលជាន្លឺសន្ដិភាព នៃកម្ពុជា ។ ដូច្នេះលោកបានជំរុញ និងលើកទឹកចិត្តពួកគេឲ្យបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ និងមានឱកាសចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃខាងមុខ ។

លោកបន្ដថា «នេះជាបទពិសោធន៍ដ៏ល្អក្រៃលែង មិនអាចកាត់ថ្លៃបាន ធ្វើឲ្យកូនៗ ចៅៗតូចៗ ទទួលបាននូវទឹកចិត្តមោះមុតអង់អាចក្លាហាន ជាទំពាំងស្នង ជាថ្នាលនិស្ស័យកីឡាវ័យក្មេង ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខេមរសហព័ន្ធតេក្វាន់ដូ ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ និងប្រកួតអន្តរជាតិនានា ពិសេសបំផុតនោះ គឺដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា»

គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតពេញ ១ថ្ងៃ ជាលទ្ធផលបច្ចេកទេស គឺក្លិបតេក្វាន់ដូអាស៊ី ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៣គ្រឿង (មាស ១៧ ប្រាក់ ៣ និងសំរឹទ្ធ ៣) ។ ក្លិបវិទ្យាល័យបឹងត្របែក ឈរលេខ២ ឈ្នះមេដាយសរុប ១២គ្រឿង (មាស ៧ ប្រាក់ ១ និងសំរឹទ្ធ ៦) និងក្លិបខេមហ្វឺស ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៦ និងសំរឹទ្ធ ២) ។ រីឯក្លិប ៥ផ្សេងទៀត ក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធគ្រប់ៗក្លិបផងដែរ ៕