(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជាថា ការប្រមូលផ្ដុំហ្វឹកហាត់របស់កូនក្រុម ហាក់មិនសូវបានល្អពេញលេញនោះទេ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ តែយ៉ាងណាលោកជឿជាក់លើកូនក្រុមខ្លួន នឹងព្យាយាមអស់ពីសមត្ថភាព ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boys’ Championship) ឆ្នាំ២០២៤ នាចុងសប្ដាហ៍នេះ ។

នេះបើតាមការបញ្ជាក់មុនលោកដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃពុធនេះ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់ខាងលើ ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ។ បេសកកម្មនេះ ក៏មានការជូនដំណើរពីលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) និងលោកស្រី ពុធ ធីតា សមាជិកសហព័ន្ធផងដែរ ។

គ្រូបង្វឹកជនជាតិជប៉ុនខាងលើបន្ដថា ទាក់ទងការប្រមូលផ្ដុំហ្វឹកហាត់កន្លងមក គឺមិនទាន់ពេញលេញនោះទេ ដោយសារមានរយៈពេលខ្លីពេក ។ ម្យ៉ាងស្របពេលកីឡាករ ដែលត្រូវបានកោះហៅ សុទ្ធតែជាកីឡាករថ្មីៗផងនោះ បានធ្វើឲ្យការសហការលេង និងយល់ចិត្តគ្នា ក៏មិនទាន់ល្អដែរ ព្រោះក្លិបនីមួយៗ មមាញឹកជាមួយការប្រកួតជើងឯកលីគយុវជនរៀងៗខ្លួន ។ ទោះយ៉ាងនេះក្ដី ក៏លោករំពឹងថា ពួកគេនឹងព្យាយាមលេងអស់ពីសមត្ថភាពគ្រប់ការប្រកួត ។

បន្ថែមលើនេះ លោកក៏បានចាត់ទុកការប្រកួតជើងឯកយុវជនថ្នាក់តំបន់នេះ គឺជាឱកាសវាស់ស្ទង់សមត្ថភាពមួយ សម្រាប់ក្រុមកីឡាករវ័យក្មេងកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតជម្រុះ AFC U17 Asian Cup 2025 នាខែតុលា ឆ្នាំ២០២៤ ខាងមុខ ។ ដូច្នេះលោកនឹងយកឱកាសនេះ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាព និងបច្ចេកទេស ហើយអាចនឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងការប្រកួតជម្រុះជើងឯកយុវជនអាស៊ី នាខែតុលាខាងមុខផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ក្រុម U16 កម្ពុជា ស្ថិតក្នុងពូលB ជាមួយវៀតណាម មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ ចំណែកពូលA គឺមានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរី ខណៈពូលC មានក្រុម U16 ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ដ្រាលី ។ បន្ទាប់ពីចប់ការប្រកួតតាមពូល សម្រាប់ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ៕