(ប៊ែកឡាំង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 គឺបានដំណើរការប្រកួតរយៈពេល ៦ថ្ងៃមកហើយ ស្របពេលក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បានឈានទៅវគ្គ ១៦ក្រុមមុនគេផងដែរ ក្នុងចំណោម ២៤ក្រុម (ប្រទេស) ក្រោយលេងឈ្នះក្នុងប្រកួតទី២ របស់ពួកគេនាយប់មិញនេះ។

១ប្រកួតបើកឆាកនាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) វគ្គសន្សំពិន្ទុសម្រាប់ជុំទី២ ប្រចាំពូល B ក្រឡាអុកក្រអាត បានត្រឹមស្មើគ្នាជាមួយអាល់បានី និងរកបានម្នាក់ ១ពិន្ទុជាលើកដំបូងរបស់ពួកគេដែរ បន្ទាប់ពីចាញ់កាលពី ១ប្រកួតបើកឆាកដូចគ្នារួចមក។

យ៉ាងណាក៏ដោយចំណែកឯពូល A វិញ ម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ បន្តធ្វើបានល្អទៀត តាមរយៈបំបាក់គូប្រជែងហុងគ្រី ២ទល់នឹង០ រកបានជ័យជម្នះជាលើកទី២ ឈរនៅកំពូលតារាងនៃពូល A ដោយមាន ៦ពិន្ទុពេញ និងបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេផងដែរ ស្របពេលស្វីស ក៏បានកៅអីវគ្គ ១/៨ ដែរ បើទោះបីជាស្មើ ១-១ ទល់នឹងស្កុតឡេនក៏ដោយ។

នេះមានន័យថា វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយនៅ Euro ជំនាន់ទី១៧ នេះ រកឃើញ ២ក្រុមហើយ នៅឡើយរង់ចាំ ១៤ក្រុមទៀត គ្រាដែលក្រុមលេខ១ និងលេខ២ ទទួលកៅអីស្វ័យប្រវត្តិ ដ្បិតលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញបន្ថែមក្នុងវគ្គ ១៦ក្រុមដែរ៕