(ម៉ូនិច)៖ ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗទាំង ២៤ក្រុមនៅ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនោះ នឹងបន្តធ្វើឡើងសម្រាប់ថ្ងៃទី៧ ដ្បិតអេស្ប៉ាញ ប៉ះជើងឯកចាស់ អាសូរីអ៊ីតាលីនៅរាត្រីនេះ ជាគូឯក។

១ប្រកួតបើកឆាកនាក្បាលព្រលប់ម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិស្លូវេនី និងស៊ែប៊ី ជាគូដែលលេងមិនទាន់ឈ្នះដូចគ្នា ធ្វើឡើងនៅកីឡដ្ឋាន Allian Arena ស្ថិតក្នុងទីក្រុង Munich ដោយមានលោក Istvan Kovacs សញ្ជាតិរ៉ូម៉ានី ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

រីឯ ១ប្រកួតទៀតក្នុងវគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល C នេះដដែល គឺជាការជួបគ្នារវាងក្រុមតោកំណាចអង់គ្លេស អតីតជើងឯករងចាស់កាល Euro 2020 នឹងត្រូវតតាំងជាមួយក្រុមលេងមិនទាន់ចាញ់ដាណឺម៉ាក នាម៉ោង ១១យប់ នៅកីឡដ្ឋាន Deutche Bank Park ដោយមានលោក Artur Dias សញ្ជាតិព័រទុយហ្គាល់ ជាអាជ្ញាកណ្តាលលើទីលានផងដែរ។

ដោយឡែកសម្រាប់ជំនួបខ្លាំងប៉ះខ្លាំង រវាងគោជល់អេស្ប៉ាញ និងអ៊ីតាលីវិញ ចាប់ផ្តើមនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ដើម្បីបិទបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល B។ អ៊ីតាលី ជាក្រុមការពារតំណែងជើងឯក ដ្បិតអេស្ប៉ាញអតីតជើងឯក Euro ៣សម័យកាលច្រើនជាងគេ ស្មើនឹងម្ចាស់ផ្ទះអាល្លឺម៉ង់។ ការប្រកួតនេះដែរនឹងធ្វើឡើងនៅកីដ្ឋាន VELTINS-Arena ដោយមានលោក Slavko Vincic សញ្ជាតិស្លូវេនី ជាអាជ្ញាកណ្តាល៕