(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon បានប្រកាសគម្រោងវិនិយោគថ្មីចំនួន ១០ពាន់លានអឺរ៉ូ (ប្រហែល ១០.៧៥ពាន់លានដុល្លារ) នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជំរុញការច្នៃប្រឌិត និងគាំទ្រដល់ការពង្រីកបណ្តាញដឹកជញ្ជូន (logistics) និងហេដ្ឋារចនាសម្ព័ន្ធ Cloud នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ទុនប្រមាណ ៨.៨ពាន់លានអឺរ៉ូបន្ថែមទៀត ត្រូវបានគេរំពឹងថា Amazon នឹងចំណាយនៅឆ្នាំ២០២៦ ខាងមុខដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ក្រុមហ៊ុន Amazon Web Service (AWS) ដោយសារការមើលឃើញពីសក្តានុពលកើនឡើងនៅក្នុងបច្ចេកវិទ្យាដែលជំរុញដោយបញ្ញាសិប្បនិម្មិ AI នៅអឺរ៉ុប។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសរសើរការវិនិយោគនេះ ដោយនិយាយថា វាគូសបញ្ជាក់ពីភាពទាក់ទាញរបស់ប្រទេសអាល្លឺម៉ង់សម្រាប់វិនិយោគិនចំពេលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ក៏ដូចជាតម្លៃថាមពលខ្ពស់ និងការវិនិយោគទាប (មិនគ្រប់គ្រាន់ និងតិចជាងតម្រូវការ)។ ការវិនិយោគនេះនឹងបង្កើតការងារថ្មីជាង ៤,០០០ កន្លែងនៅក្នុងប្រទេសអាល្លឺម៉ង់នៅឆ្នាំនេះ ដែលនាំឱ្យកម្លាំងការងារអចិន្ត្រៃយ៍សរុបរបស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសនេះដល់ទៅជាង ៤០,០០០ នៅទូទាំងទីក្រុងជាង ១០០។

គួរជម្រាបថា ការបណ្តាក់ទុនថ្មីនេះ បាននាំមកនូវការវិនិយោគដែលបានគ្រោងទុកសរុបរបស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសអាល្លឺម៉ង់រហូតដល់ ១៩ពាន់លានដុល្លារឯណោះ៕