(ភ្នំពេញ)៖ នៅពេលដែលឃើញនូវសកម្មភាព ការរួបរួមសាមគ្គីគ្នា ពីសំណាក់ ក្រុម DJ និង MC រៀមច្បង ជាមួយអ្នកជំនាន់ក្រោយ ដើម្បីការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងមូលមតិគ្នាធ្វើការងារសង្គម គឺធ្វើឲ្យមហាជនកោតសរសើរ និងចង់ឲ្យមានសកម្មភាពស្រដៀងគ្នានេះ សម្រាប់អ្នកសិល្បៈគ្រប់ជំនាន់ផ្សេងទៀត។ ពិធីករ ពិធីការិនីវិទ្យុ ឌីជេ​ និង MC Party បានធ្វើការជួបជុំគ្នាប្រចាំឆ្នាំលើកទី៧ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ កាលពេលថ្មីៗនេះ ដែលស្ថិតនៅទីតាំង ប៊ូហ្វេស្តេយ៍សិន ព្រីមៀម បឹងកក់ ខណ្ឌទួលគោក ក្នុងការកៀរគរ ប្រមូលថវិកា ទៅជួយដល់គ្លីនិកទន្លេ នៅលើផ្ទៃបឹងទន្លេសាប។

អ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា កម្មវិធី DJ និង MC Party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង DJ ក្នុងគោលបំណងធំៗ ចំនួន៤ រួមមាន៖

ទី១, ចង់ឲ្យមានការជួបជុំ ញ្ញុំាអាហាររួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាពស្និទ្ធស្នាលគ្នាទៅវិញទៅមក។
ទី២, ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពីអាជីពការងារ។
ទី៣, ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមមួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា។
ទី៤, ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។ ក្នុងឆ្នាំនេះ ថវិកាដែលទទួលបានពីកម្មវិធី គឺយកទៅជួយដល់គ្លីនិកទន្លេ។

DJ និង MC Party ប្រចាំឆ្នាំលើកទី៧ បាននាំយកថវិកាចំនួន ២.៣៥៧.០០០រៀល សាប៊ូបោកគក់អូកា ចំនួន១០ធុង ដើម្បីទៅជួយទ្រទ្រង់ ដល់ក្រុមគ្រូពេទ្យ នៃគ្លីនិកទន្លេ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាល ដោយមិនយកកំរ៉ៃលើអ្នកជំងឺ លើផ្ទៃទឹកជុំវិញបឹងទន្លេសាប។ គ្លីនិកទន្លេមានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងក្នុងពិធីជួបជុំនោះ រៀមច្បងដែលជា DJ ជំនាន់មុនៗ ក៏បានថ្លែងសរសើរដល់ ប្អូនៗ ដែលជា DJ និង MC ជំនាន់ក្រោយនេះ ពិតជាធនធានដែលមាន សមត្ថភាព ទេពកោសលខ្ពស់ក្នុងការផលិតចង្វាក់ភ្លេងថ្មី ប្លែក ធ្វើឲ្យអ្នកស្តាប់ ទទួលបានរសនិយមថ្មី។​

ការជួបជុំនេះដោយប្រមូលផ្តុំ ក្រុម DJ VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសម្ដែង តារាចម្រៀងជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ដែលមានរៀងៗខ្លួន ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេសប្រមូលថវិកា ចូលរួមជួយការងារសង្គម។

កម្មវិធីនេះចាប់ផ្តើមដំបូងតាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួម ក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាពជោគជ័យយ៉ាងខ្លាំង តាមរយៈការផ្សារភ្ជាប់មិត្តភាពរវាងក្លឹប និងពិធីករវិទ្យុ។​ ក្នុងនោះដែរក៏មានមិត្តសិល្បករចូលរួមជាមួយ រហូតទើបមកដល់ឆ្នាំ២០២៤នេះ កើនសមាជិកជាង៣០០នាក់ ធ្វើឲ្យកក្រើកវិស័យ DJ និង MC នៅកម្ពុជា៕