(បរទេស)៖ ក្រុមហ៊ុន Dell Technologis និងក្រុមហ៊ុន Super Micro Computer (SMC) នឹងក្លាយជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនមេ សម្រាប់កុំព្យូទ័រ AI ប្រចាំក្រុមហ៊ុនបញ្ញាសប្បនិម្មិត xAI របស់មហាសេដ្ឋី Elon Musk។ នេះបើតាមកការបង្ហើបឲ្យដឹងពីអ្នកជំនួញអាមេរិក នៅលើបណ្តាញសង្គម X ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

Elon Musk បានប្រកាសនៅលើបណ្តាញសង្គម X ថា Dell កំពុងផ្គុំម៉ាស៊ីនមេ (Server racks) សម្រាប់ Supercomputer របស់ xAI។ នៅក្នុងការឆ្លើយតបទៅនឹងការបង្ហោះមួយផ្សេងទៀត ដែលសួរអំពីដៃគូផ្គត់ផ្គង់ទីពីរនោះ មហាសេដ្ឋីរូបនេះបាននិយាយថា «SMC» ដែលសំដៅទៅលើក្រុមហ៊ុនផលិតម៉ាស៊ីនមេ Super Micro ក៏ក្លាយជាអ្នកផ្គត់ផ្គង់របស់ខ្លួនផងដេរ។

ក្រុមហ៊ុន Super Micro ដែលមានមូលដ្ឋាននៅទីក្រុង San Francisco ដែលត្រូវបានគេស្គាល់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនបន្ទះឈីបដូចជា Nvidia នោះ ក៏បានបញ្ជាក់ពីភាពជាដៃគូជាមួយ xAI ទៅកាន់ Reuters ។ ងាកមកស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell លោក Michael Dell ក៏បាននិយាយនៅក្នុងការប្រកាសដាច់ដោយឡែកមួយនៅលើ X ថា ក្រុមហ៊ុនកំពុងសាងសង់រោងចក្រ AI ជាមួយនឹង Nvidia សម្រាប់គាំទ្របច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលនឹងផ្តល់ថាមពលដល់កំណែបន្ទាប់នៃ chatbot Grok របស់ xAI ។

គួរជម្រាបថា Elon Musk បានប្រាប់វិនិយោគិនថា xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តរបស់លោក គ្រោងនឹងបង្កើតកុំព្យូទ័រទំនើបមួយ ដើម្បីផ្តល់ថាមពលដល់កំណែបន្ទាប់នៃ AI chatbot Grok របស់ខ្លួន។ Musk បានបង្កើត xAI កាលពីឆ្នាំមុនក្នុងនាមជាអ្នកប្រកួតប្រជែងជាមួយ OpenAI និង Google ក្រោយលោកប្រកាសលាលែងពី OpenAI៕