(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ការបង្កើតទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ គឺដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តសៀមរាប ពិសេសកំឡុងរដូវរដូវភ្លៀវ ឬ Green Season ដែលមិនសូវមានអ្នកទៅលេងកម្សាន្ដ ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៩ (9th Angkor Empire Marathon) ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC នៅថ្ងៃទី២០ ខែមិថុនានេះ ស្របពេលព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Full Marathon ចម្ងាយ ៤២គីឡូម៉ែត្រនេះ នឹងរៀបចំនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅតំបន់អង្គរ ខេត្តសៀមរាប ។

លោកពន្យល់ថា ការជ្រើសរើសយកដើមខែសីហា ដើម្បីរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង លើទឹកដីអង្គរនេះ គឺមានគោលបំណងច្បាស់លាស់ ឆ្លើយតបនឹងសំណូមពរជាច្រើន ដែលស្នើឲ្យ NOCC រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងរដូវភ្លៀង ដែលជាពេលវេលាទេសចរណ៍ធ្លាក់ចុះ ។ ការណ៍នេះ ទើបនាំឲ្យ NOCC សហការជាមួយអាជ្ញាធរពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍អស់រយៈពេល ៩ឆ្នាំមកហើយ ដើម្បីជួយដល់ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាធ្វើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

លោក វ៉ាត់ ចំរើន បន្ដថា «ការរៀបចំព្រឹត្តិការណ៍បានច្រើន ធ្វើឲ្យចលនាសង្គម កាន់តែរស់រវើក និងសកម្ម តែបើការណា យើងអត់ធ្វើអ្វីសោះ អត់មានព្រឹត្តិការណ៍អ្វីសោះ ក្នុងមួយខែ យើងអត់មានអ្វីផុសផុលឲ្យមហាជនចូលរួមក្នុងសកម្មភាពសង្គមបានច្រើនទេ យើងអាចបាត់បង់នូវសាមគ្គីភាព បាត់បង់នូវតម្លៃនៃការរស់នៅក្នុងសង្គម ។ ការណ៍នេះ ដែលនាំឲ្យ NOCC តែងខិតខំប្រឹងប្រែងរៀបចំ ដោយមិនគិតរឿងខាត ឬចំណេញ តែគិតលើផលប្រយោជន៍រួមរបស់សង្គម និងគិតទៅលើការអភិវឌ្ឍវិស័យកីឡាជាតិរបស់យើង» ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល បន្ថែមថា មកទល់ពេលនេះ គណៈកម្មការរៀបចំ បានទទួលការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ 9th Angkor Empire Marathon 2024 ចំនួន ១,៣៧៦នាក់ហើយ ក្នុងចំណោមវិញ្ញាសារត់ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ដោយអត្តពលិកមកពីជប៉ុន ឈរលេខ១ ចិន ឈរលេខ២ និងម៉ាឡេស៊ី ឈរលេខ៣ ។ តែដោយសារការចុះឈ្មោះនៅបន្ដទទួលនៅឡើយ លោកសង្ឃឹមថា ទម្រាំដល់ថ្ងៃកម្មវិធីផ្លូវការ នឹងមានអ្នកចូលរួមយ៉ាងហោច ៣ពាន់នាក់ ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ស្របពេល NOCC និងរដ្ឋបាលខេត្តយូណាន ប្រទេសចិន នឹងចាប់ផ្ដើមអនុវត្តកិច្ចមព្រៀមព្រៀង រវាងម៉ារ៉ាតុងចក្រភពអង្គរ និងតាលីម៉ារ៉ាតុង កាលពី ១ខែមុន ដោយភាគីចិន បាននឹងកំពុងរៀបចំអត្តពលិក ទាំងអាជីព និងស្ម័គ្រចិត្ត ដើម្បីបញ្ជូនមកចូលរួមព្រឹត្តិការណ៍ 9th Angkor Empire Marathon នៅខេត្តសៀមរាប គ្រាដែលលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានជំរុញឲ្យមានការចូលរួមយ៉ាងហោច ៥០០នាក់ ។ ជាមួយគ្នា NOCC ក៏ត្រៀមទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅផងដែរ ។

ទន្ទឹមជាមួយគ្នា អ្នកជំនាញរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា លោក សែម ផល្លា បានសម្ដែងក្ដីរីករាយ ចំពោះការអនុវត្តកិច្ចព្រមព្រៀង រវាងម៉ារ៉ាតុងចក្រភពអង្គរ និង តាលីម៉ារ៉ាតុង ដែលជាសញ្ញាណដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជាឡើងវិញ ដូចកាលមុនផ្ទុះវិបត្តិកូវីដ-១៩ ។ បែបនេះក្ដី ក៏លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួម រួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីងាយស្រួលដល់គណៈកម្មការក្នុងការរៀបចំសម្ភាររត់ជូនផងដែរ ៕