(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសម្រេចផ្ដល់កៅអីក្នុងបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយ ដល់កីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម លូកា (Lim Lucca) ដោយស្វ័យប្រវត្តិ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy's Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី នាខែកក្កដាខាងមុខ។

គ្រូបង្វឹកខាងលើ បានបញ្ជាក់ថា Lim Lucca ទើបបញ្ចប់ការធ្វើតេស្ដជាមួយក្រុមជម្រើសជាតិ U20 នូវែលសេឡង់ កាលពីថ្មីៗ តែដោយសារការប្រកួតវគ្គបន្ដនៅសល់ពេលយូរទៀត ស្របពេលលោកបានស្នើរូបគេមកជួយក្រុមគោព្រៃជំទង់កម្ពុជា Lucca ក៏បានឯកភាពតាមសំណើរ ដោយក្ដីរីករាយ ដ្បិតរូបគេក៏ចង់មកជួយក្រុមជម្រើសជាតិ នៃប្រទេសកំណើតរបស់ឪពុកបង្កើតខ្លួននេះផងដែរ ។

លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា «គាត់(Lucca) ទើបបញ្ចប់ការធ្វើតេស្ដ U20 នូវែលសេឡង់ ហើយលទ្ធផល ត្រូវទៅវគ្គបន្ដទៀតនៅយូរ ។ អ៊ីចឹងគាត់អាចមកជួយក្រុមជម្រើសជាតិ U19 កម្ពុជា តាមការស្នើសុំរបស់ខ្ញុំបាន ដោយគាត់ប្រហែលមកដល់កម្ពុជា កំឡុងខែកក្កដាខាងមុខ» ។ លោកបន្ដថា ដោយសារខ្ញុំបានដឹងពីកម្រិតលេងរបស់គាត់ ម្យ៉ាងគាត់មិនមែនជាអ្នកនៅក្នុងស្រុកផង ។ ដូច្នេះពួកយើងសម្រេចថា នឹងយកគាត់ផ្ទាល់តែម្ដង មានន័យថា គាត់នឹងជាប់បញ្ជី ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិ U19 កម្ពុជាតែម្ដង»

ដោយពាក់ព័ន្ធនឹងកៅអីជម្រើសជាតិ រវាងកម្ពុជា និងនូវែលសេឡង់ នៃកីឡាករកូនកាត់ ដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិនូវែលសេឡង់នេះវិញ លោក ភា សុភ័ក្ដ្រា នៅមិនទាន់ច្បាស់នោះទេ គ្រាន់តែលោកបានបង្ហើបថា ពេលនេះ Lim Lucca បានមកលេងតំណាងកម្ពុជា ហើយគេក៏នៅតែអាចលេងឲ្យក្រុមជម្រើសជាតិនូវែលសេឡង់បានដូចគ្នា ប្រសិនបើភាគីណាត្រូវការ ដោយគ្រាន់តែចាំបាច់ត្រូវមានលិខិតស្នើ និងបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីធ្វើការចុះបញ្ជីកីឡាករ ។

គួរដឹងថា លោក ភា សុភ័ក្ដ្រា បានកោះហៅកីឡាករយុវជនសរុបចំនួន ៥៩នាក់ ចូលជំរំហ្វឹកហាត់ធ្វើតេស្ដដំណាក់កាលទី១ ដើម្បីចម្រាប់បាននូវធនធានកីឡាករឆ្នើមៗ ២៣នាក់ចុងក្រោយ ចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា ត្រៀមការប្រកួត ASEAN U19 Boy's Championship ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៧-២៩ ខែកក្កដាខាងមុខ ។ ដូច្នេះការជម្រុះនេះ នៅសល់ត្រឹម ២២នាក់ប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្ដល់កៅអីមួយ ដល់កីឡាករ Lim Lucca ទៅហើយ ។ បច្ចុប្បន្ន Lucca កំពុងប្រកបអាជីពជាមួយក្លិប Melville United នៃលីគកំពូលនូវែលសេឡង់ ។

ចំពោះការប្រកួតជើងឯកយុវជនប្រចាំតំបន់នាខែក្រោយដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីន ។ រីឯ ២ពូលទៀត សម្រាប់ពូលB មានក្រុមយុវជនឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ដ្រាលី ខណៈពូលC មានក្រុមយុវជនម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងប្រ៊ុយណេ ៕