(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលស្តីពីយន្តការបរធនបាលកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីយន្តការបរធនបាលកិច្ចនៅកម្ពុជា ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទទួលបន្ទុកមកពីទីស្នាក់ការកណ្តាល និងបណ្តាសាខារបស់ធនាគារ CIMB នៅរាជធានីភ្នំពេញ ដែលធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ក៏ដូចជាអតិថិជនរបស់ធនាគារ CIMB ដែលជាធនាគារទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ធ្វើជាក្រុមហ៊ុនបរធនបាលធ្វើប្រតិបត្តិការគ្រប់គ្រង ចាត់ចែង និងប្រតិបត្តិការរក្សាសុវត្ថិភាព ឬរក្សាទុក សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម៕