(ម៉ូស្គូ)៖ កីឡាករប្រណាំងកង់សញ្ជាតិរុស្ស៊ី Aleksandr Vlasov បានបដិសេធចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Paris Olympics បើទោះបីជាមានការអនុញ្ញាត ឱ្យចូលរួមប្រកួត ក្នុងនាមអព្យាក្រឹត្យក៏ដោយ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡារជិះកង់រុស្ស៊ី (BCP) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

អត្តពលិករុស្ស៊ី និងបេឡារុស្ស អាចចូលរួមបាន ត្រឹមក្នុងនាមជាអព្យាក្រឹត្យភាពប៉ុណ្ណោះ ពោលគឺប្រកួតដោយគ្មានទង់ជាតិ, ភ្លេងជាតិ ឬក៏ការដង្ហែក្បួន ក្នុងពិធីបើក ដោយសារតែសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានហៅថា «ប្រតិបត្តិការយោធាពិសេស»

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជម្រះក្រុមដំបូង នៃអត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីចូលរួមប្រកួត ដោយកីឡាករប្រណាំងកង់ Vlasov ក៏ស្ថិតក្នុងក្រុមអត្តពលិក២៥នាក់នោះផងដែរ ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំរូបនេះ បានដកខ្លួនចេញពីព្រឹត្តិការណ៍។

«Vlasov បានបដិសេធចូលប្រកួត ក្នុងព្រឹត្តិការណ៍ Olympics ដោយសារទម្រង់នៃព្រឹត្តិការណ៍នេះ មិនសមនឹងរូបលោក»។ ប្រធាន BCP លោក Vyacheslav Yekimov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS។

លោកបន្តថា «ប្រតិទិនរបស់អត្តពលិករូបនេះ មានភាពមមាញឹកខ្លាំងណាស់»

Vlasov ទទួលបានជ័យជម្នះ ក្នុងព្រឹត្តិការណ៍ Tour de Romandie និងព្រឹត្តិការណ៍ Tour of Valencia ក្នុងឆ្នាំ២០២២។

សូមជម្រាបថា ព្រឹត្តិការណ៍ Paris Olympics នឹងដំណើរការពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាខាងមុខ៕