(ប៊ែរឡាំង)៖ ក្រុមជម្រើសជាតិស៊ែប៊ី បានគំរាមដកខ្លួនចេញពីព្រឹត្តិការណ៍ Euro 2024 ដោយសារតែការស្រែកច្រៀងរបស់អ្នកគាំទ្រ នៅក្នុងការប្រកួតរវាងក្រូអាត និងអាល់បានីកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមអ្នកគាំទ្រ ត្រូវបានគេលឺថាបានច្រៀង លើកឡើងពីការសម្លាប់ជនជាតិស៊ែប៊ី អំឡុងពេលការប្រកួតលទ្ធផលស្មើ ២-២ ក្នុងពូល B។

អគ្គលេខាធិការសមាគមបាល់ទាត់ស៊ែប៊ី លោក Jovan Surbatovic បានស្នើឱ្យមានការដាក់ទណ្ឌកម្មខ្លាំងបំផុត។

លោកបានប្រាប់សារព័ត៌មានរដ្ឋស៊ែប៊ី RTS ថា «អ្វីដែលបានកើតឡើងគឺជារឿងអាស្រូវ ហើយយើងនឹងស្នើទៅស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (Uefa) ដើម្បីចាត់វិធានការដាក់ទណ្ឌកម្ម។ បើមិនដូច្នោះទេ យើងនឹងមិនបន្តការប្រកួតឡើយ»

ស៊ែប៊ី ស្ថិតក្នុងពូល C ហើយបានចាប់ផ្តើមការប្រកួតរបស់ពួកគេ ជាមួយលទ្ធផលចាញ់ ១-០ ក្នុងពេលប៉ះអង់គ្លេសកាលពីថ្ងៃអាទិត្យ៕