(ភ្នំពេញ)៖ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន AION Cambodia រៀបចំដំណើរកម្សាន្តគ្រួសាររថយន្តអគ្គិសនី AION ទៅកាន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ-គិរីរម្យ រយៈពេល២ថ្ងៃ១យប់ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ បង្កើតបានបទពិសោធន៍ដ៏ល្អលើសពីការរំពឹងទុករបស់អតិថិជន។ ក្រុមហ៊ុន AION Cambodia ជាក្រុមហ៊ុនតែមួយគត់ទទួលសិទ្ធិផ្តាច់មុខនាំចូលរថយន្តអគ្គិសនីម៉ាក AION ពីរោងចក្រប្រទេសចិនមកកាន់ទីផ្សារប្រទេសកម្ពុជា។

ដំណើរកម្សាន្តជាលក្ខណៈគ្រួសារនេះក្នុងគោលបំណងអំណរគុណចំពោះអតិថិជនរថយន្ត AION ទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់ ទំនាក់ទំនង ភាពស្និទស្នាល ភាពសប្បាយរីករាយ និងស្វែងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាការទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបែបអនាគត ដោយផ្សារភ្ជាប់នឹងធម្មជាតិ។

ដំណើរកម្សាន្តគ្រួសារ AION Cambodia ទទួលបានការចូលរួមយ៉ាងច្រើនកុះករដោយភាពពេញចិត្ត ព្រមទាំងការចូលរួមធ្វើសប្បុរសធម៌រួមគ្នារវាងអតិថិជន បុគ្គលិកក្រុមហ៊ុន និងវត្តមានរបស់អគ្គនាយកក្រុមហ៊ុន AION Cambodia លោក ម៉េង ហេង ព្រមទាំងក្រុមគ្រួសារ ពិសេសមានការយាងចូលរួមរបស់ព្រះនាង នរោត្តម ជេនណា ទូតសុឆន្ទៈនៃក្រុមហ៊ុន AION Cambodia។

បទពិសោធន៍នៃដំណើរកម្សាន្តគ្រួសារ AION នេះបានផ្តល់ឲ្យអ្នកចូលរួមគ្រប់គ្នាបានយល់គ្នាក្នុងភាពជាជាតិសាសន៍តែមួយ ការរួបរួមគ្នាសម្រាប់ការធ្វើសកម្មភាពសង្គម ការចែករំលែកក្តីស្រឡាញ់ ការស្រឡាញ់បរិស្ថាន និងការស្រឡាញ់ធម្មជាតិ ពិសេសគឺទទួលបាននូវបទពិសោធន៍ដ៏ល្អមួយលើសពីការរំពឹងទុករបស់អតិថិជន តាមរយៈការបើកបររថយន្តអគ្គិសនី AION Y Plus AION ES AION Hyper HT លើស្ថានភាពផ្លូវទាំងផ្លូវស្អាត ផ្លូវលំបាក ផ្លូវបត់បែន ផ្លូវឡើងចុះភ្នំ និងការបើកបររថយន្តអគ្គិសនីក្រោមមេឃកំពុងភ្លៀងយ៉ាងខ្លាំង គ្រប់ស្ថានភាពផ្លូវលំបាកទាំងនោះមិនមែនជាឧបសគ្គរបស់រថយន្តអគ្គិសនី AION Cambodia នេះទេ ក៏ព្រោះតែរថយន្តបានបំពាក់នូវប្រព័ន្ធសុវត្តិភាពសម្បូរបែប អាចបើកបរគ្រប់ស្ថានភាពលំបាកឡើងចុះភ្នំ និងមានភាពធន់ដែលអនុញ្ញាតដល់អតិថិជនរបស់ AION អាចបើកបរបានដោយភាពរីករាយ ជឿជាក់ និងទំនុកចិត្តខ្ពស់ទៅនឹង Performance លក្ខណៈសម្បត្ដិសមត្ថភាពរបស់រថយន្ត AION Cambodia។

កាន់តែពិសេសជាងនេះ គឺការចំណាយយ៉ាងតិចត្រឹម៥០,០០០រៀល សម្រាប់ការសាកថាមពលអគ្គិសនីមួយពេញ សម្រាប់ដំណើរកម្សាន្តចំនួន២ថ្ងៃ១យប់ ដោយចាកចេញពីអគារតាំងបង្ហាញរថយន្ត AION Cambodia ឆ្ពោះទៅកាន់ឧទ្យានជាតិគិរីរម្យ ហើយបន្តដំណើរចុះទៅជើងភ្នំធ្វើសប្បុរសធម៌នៅសាលាដូង រួចត្រឡប់ទៅឧទ្យានបោះតង់គិរីរម្យវិញ និងចុងក្រោយគឺការចាកចេញពីឧទ្យានបោះតង់គិរីរម្យ ហើយបន្តដំណើរឆ្ពោទ អគារតាំងបង្ហាញរថយន្ត AION Cambodia នៅរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ និងការផ្តល់ព័ត៌មានពីគ្រប់អតិថិជនរបស់ AION Cambodia ដែលរួមដំណើរកម្សាន្តនោះបានប្រាប់ថា រថយន្តរបស់គាត់គឺនៅសល់ថាមពលអគ្គិសនីជាង៣០%ទៀត។ កត្តានេះហើយដែលឆ្លុះបញ្ចាំងឲ្យឃើញថារថយន្តអគ្គិសនី AION Cambodia ពិតជាមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ទាំងសុវត្តិភាព ទំនុកចិត្ត ភាពជឿជាក់ក្នុងការបើកបរ ហើយនឹងសន្សំសំចៃយ៉ាងច្រើនផងដែល។

កម្មវិធីនេះមានការបោះតង់គេងជុំគ្នា ការសំណេះសំណាលជាមួយគ្នាដោយភាពស្និទ្ធស្នាល ការជិះរថយន្ត AION ជាក្បួនដ៏អស្ចារ្យចូលតំបន់ភ្នំដោយភាពជឿជាក់ ការជួបជុំទទួលទានអាហាររួមគ្នា និងការទទួលបានទស្សនីយភាពដ៏អស្ចារ្យនៃការសម្តែងដោយផ្ទាល់របស់ព្រះនាង នរោត្តម ជេនណា ក្នុងរាត្រីនោះ ដែលពោរពេញដោយការស្វាគមន៍ ស្នាមញញឹមគ្រប់គ្នា បង្កើតនូវអនុស្សាវរីយ៍ ការចងចាំដ៏ល្អដែលពុំអាចបំភ្លេចបាន៕