(ខាឌីស)៖ សហព័ន្ធបាល់ទាត់វ៉េល (FAW) បានឈានដល់កិច្ចព្រមព្រៀងក្នុងការបញ្ចប់តំណែងលោក Robert Page ពីគ្រូបង្គោលនៃក្រុមជម្រើសជាតិជាផ្លូវការហើយនាថ្ងៃសុក្រនេះ បន្ទាប់ពីដឹកនាំបាន ៣ឆ្នាំកន្លះរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៤៩ឆ្នាំរូបនេះ មានស្នាដៃដឹកនាំវ៉េលទៅលេង World Cup ជុំចុងក្រោយកាលឆ្នាំ២០២២ នៅប្រទេសកាតាជាលើកដំបូងផងដែរ ក្រោយរង់ចាំអស់ពេល ៦៤ឆ្នាំ ក្នុងនាមជាក្រុមខកខានពានអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ដ្បិតពួកគេបានហាលអាវត្រឹមវគ្គជម្រុះជុំទី២។

បន្ថែមលើនេះ ការធ្វើមិនបានល្អក្នុងប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិហ្ស៊ីប្រាតា និងស្លូវ៉ាគីផងនោះ បានធ្វើឱ្យលោកអស់តំណែងធំមួយនេះជាមួយជម្រើសជាតិវ៉េល ដែលបានចូលកាន់តួនាទីធំនេះជំនួសលោក Ryan Giggs ដោយសារផ្ទុះរឿងអាស្រូវជាមួយមិត្តស្រីរបស់ខ្លួននោះ។

លោក Page អតីតកីឡាករខ្សែបម្រើកណ្តាលនៃក្រុមជម្រើសជាតិនាគសមុទ្រវ៉េល កន្លងមកធ្លាប់បានដឹកនាំក្លិបអាជីព Poart Vale និង Northampton ផងនោះ ត្រូវបាន FAW ជួបពិភាក្សាជាង ១សប្តាហ៍មកហើយ មុនឈានដល់ការចែកផ្លូវនាពេលនេះ ដោយមានការព្រមព្រៀងរវាងគ្នាទៅវិញទៅមក ដោយតម្រូវឱ្យមានការផ្លាស់ប្តូរជាចាំបាច់៕