(វ៉ាស៊ីនតោន)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានឆ្លើយតបទៅនឹងប្រធានក្រុមមាន់គកបារាំង Kylian Mbappe ដែលបានលើកឡើងថា ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro លំបាកឈ្នះជាងពានបាល់ទាត់ពិភពលោក World Cup ទៅទៀត ដែលត្រូវបានដកស្រង់ចេញផ្សាយពី Channel Telegram របស់ Euro 2024។

Messi បានបកស្រាយថា «Mbappe បាននិយាយថា ក្រុមនៅតំបន់អាមេរិកឡាទីនមិនមានការប្រកួតប្រជែងយកពាន Euro ទេ។ គ្រប់គ្នាឱ្យតម្លៃទៅលើកម្មវិធីដែលពួកគេលេង។ ពាន Euro គឺវាមានសារៈសំខាន់ខ្លាំងណាស់ ក៏ប៉ុន្តែវាមិនស្ថិតក្នុងកណ្តាប់ដៃរបស់អាហ្សង់ទីនដែលជាជើងឯក World Cup ៣សម័យកាល, ប្រេស៊ីល ៥សម័យកាល និងអ៊ុយរូហ្គាយ ២សម័យកាលផងនោះ។ ទាំងនេះ គឺសុទ្ធតែជាម្ចាស់ជើងឯកពិភពលោក ដែលអ្នកពោលថា Euro លំបាកឈ្នះជាងមែនទេ, ត្រឹមត្រូវអត់?»

Messi វ័យ ៣៦ឆ្នាំបានបញ្ជាក់បន្ថែមចុងក្រោយថា «World Cup ប្រជុំទៅដោយក្រុមខ្លាំងៗនៅទីនោះ រួមទាំងអតីតជើងឯកពិភពលោកផងដែរ។ តើនោះជាមូលហេតុដែលគ្រប់គ្នាមិនចង់ក្លាយជាជើងឯកពិភពលោកមែនទេឬ?»

គួរបញ្ជាក់ផងថា ការឌឺដងដាក់គ្នាបែបនេះ ស្របពេល Mbappe បានកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិបារាំង នៅពាន Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ ដ្បិតកន្លងមកតារាជើងស៊ុតវ័យ ២៥ឆ្នាំរូបនេះធ្លាប់ជួយមាន់គកឈ្នះជើងឯក World Cup បានម្តងផងដែរកាលឆ្នាំ២០១៨ នៅរុស្ស៊ី គ្រាដែល Messi អតីតមិត្តរួមក្រុមក្នុងក្លិប Paris Saint Germain កំពុងជួយជាតិលេងពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 នៅអាមេរិក ក្នុងនាមជាក្រុមការពារតំណែងជើងឯកទៀតផង។

នៅចាំបាន Messi ទើបតែជួយក្រុមពពកសអាហ្សង់ទីន ដណ្តើមបានពាន World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះបារាំង ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ដោយមាន Mbappe ជាប្រធានក្រុមមាន់គកផងនោះកាលផ្តាច់ព្រ័ត្រនាអំឡុងខែធ្នូ ឆ្នាំ២០២២៕