(ប៊ែកឡាំង)៖ ៣ប្រកួតសន្សំពិន្ទុប្រចាំពូល D និងពូល E នាយប់មិញនេះ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship 2024 នៅអាល្លឺម៉ង់ ទទួលបានលទ្ធផលឈ្នះ២ និងស្មើ១ ជាពិសេសរវាងក្រុមខ្លាំងបារាំង និងហូឡង់ គ្មានគ្រាប់ស៊ុត។

១ប្រកួតបើកឆាកនាក្បាលព្រលប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ក្រុមជម្រើសជាតិអ៊ុយក្រែនរកបាន ៣ពិន្ទុលើកដំបូង ពីការលេង ២ប្រកួតប្រចាំពូល E ក្រោយវាយបកឈ្នះស្លូវ៉ាគី ២-១ ចុងម៉ោង ដ្បិតពួកគេបានភ្លាត់ស្នៀតចាញ់រ៉ូម៉ានី ៣-០ កាលពីសន្សំពិន្ទុជុំទី១។

រីឯការប្រកួតជុំទី២ សន្សំពិន្ទុពូល D វិញ អូទ្រីសដែលបានចាញ់បារាំង ១-០ នៅថ្ងៃបើកឆាកនោះ បានបំបាក់ប៉ូឡូញ ៣-១ រកបាន ៣ពិន្ទុជាលើកដំបូងផងដែរ គ្រាដែលគូប្រជែងប៉ូឡូញ បន្តចាញ់ជាលើកទី២ ទៀតនៅសល់ឱកាសតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងកៅអីវគ្គ ១៦ក្រុម។

ចំណែកឯជំនួបរវាងក្រុមខ្លាំងប៉ះខ្លាំងមាន់គកបារាំង និងហូឡង់វិញ បានបញ្ចប់ដោយលទ្ធផលគ្មានគ្រាប់ស៊ុត ពោលគឺស្មើគ្នា ០-០ បន្តយកបានម្នាក់ ១ពិន្ទុដូចគ្នា និងឈរនៅលេខ១ និងលេខ២ ប្រចាំពូល D មាន ៤ពិន្ទុស្មើគ្នាដែរ ក្រោយបញ្ចប់ជុំទី២ នេះទៀត។ ក្នុងជំនួបធំនេះដែរ ប្រធានក្រុម Kylian Mbappe របស់បារាំងមិនបានចូលលេងទេ ដ្បិតមានឈ្មោះជាកីឡាករបម្រុងក៏ដោយ៕