(បរទេស)៖ ត្រឹមតែរយៈពេលជាងមួយថ្ងៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានបាត់បង់តំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ខណៈអ្នកដែលមកជំនួសតំណែងគឺជាក្រុមហ៊ុន Microsoft បន្ទាប់ពីការធ្លាក់ចុះ ៣.៤ភាគរយនៃតម្លៃភាគហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា តម្លៃក្រុមហ៊ុន Nvidia បានធ្លាក់ចុះមកនៅត្រឹម ៣.២២ពាន់ពាន់លានដុល្លារ ពីតម្លៃមុននៅដើមសប្តាហ៍នេះ ៣.៣៤ពាន់លានដុល្លារ ខណៈដែល Microsoft បន្តរក្សាតម្លៃទីផ្សារលើសពី ៣.៣០ពាន់ពាន់លានដុល្លារ។

ក្រុមហ៊ុនយក្សអាមេរិក Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដ៏មានតម្លៃបំផុតរបស់ពិភពលោកនៅដើមសប្តាហ៍នេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើងសម្រាប់បន្ទះឈីបរបស់ខ្លួនដែលផ្តល់ថាមពលដល់កម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ Nvidia នារាត្រីថ្ងៃព្រហស្បតិ៍ត្រូវបានប្រគល់តំណែងកំពូលនេះទៅត្រឡប់ Microsoft ជាអ្នកកាន់កាប់វិញ។

ដូចដែលបានជ្រាបរួចមកហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបីគឺ Nvidia, Microsoft និង Apple ត្រូវបានជាប់គាំងក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោកដែលមានទឹកប្រាក់រហូតដល់ ៤ពាន់ពាន់លានដុល្លារ។

ថ្វីបើមានការធ្លាក់ចុះនាពេលថ្មីៗនេះរបស់ Nvidia ក៏ដោយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិតបីដងនៅឆ្នាំនេះ ដោយរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃទីផ្សារកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ក៏បានកើនឡើងផងដែរ ជាមួយនឹងកំណើន ១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីសក្តានុពលរបស់ខ្លួនសម្រាប់កំណើននាពេលអនាគត៕