(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំកម្មវិធីប្រគល់បណ្ណសរសើរ សម្រាប់សិស្សានុសិស្ស ថ្នាក់មត្តេយ្យ កម្មវិធី IB ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមវត្ដមាន លោកស្រីឧកញ៉ា ហេង សុគន្ធា អគ្គនាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងមានការចូលរួម ពីអ្នកពាក់ព័ន្ធជានាក់ទៀតផងដែរ។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រីឧកញ៉ា ហេង សុគន្ធា បានថ្លែងថា ដោយទទួលបានជំនឿទុកចិត្តពីសំណាក់ អ្នកអាណាព្យាបាល សាលាបាននឹងកំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ដូចជា៖ សម្រាប់ឆ្នាំសិក្សាថ្មី ខាងមុខនេះ សាលានឹងដាក់ឲ្យដំណើរការ នូវមជ្ឈមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យា ដែលហៅកាត់ថា Stem និង កំពុងសាងសង់ សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យ មានទីតាំងនៅលើបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ហើយសាខាថ្មីនេះ នឹងដាក់ដំណើរការ ឲ្យប្រើប្រាស់នៅឆ្នាំសិក្សា ២០២៥ ខាងមុខនេះ។

លោកស្រីឧកញ៉ា ហេង សុគន្ធា បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានដឹកនាំសិស្សានុសិស្សចំនួន ២៥៧នាក់ ទៅចូលរួមប្រកួត ក្នុងកម្មវិធីជាតិ និងអន្តរជាតិធំៗ ដូចជា៖ The World Scholar Cup, Copernicus Olympiad, TeenEagle, Pangea Math Olympiad ដែលបានរៀបចំឡើងនៅតាមប្រទេស ជាច្រើនរួមមាន៖ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អូស្ត្រាលី ជាដើម។ ជាលទ្ធផល សិស្សានុសិស្សទាំងអស់ សុទ្ធតែទទួលបាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ សរុបចំនួន ៣៤៣ គ្រឿង និងពានរង្វាន់ផងដែរ។

ជាមួយគ្នានេះ លោកស្រីឧកញ៉ា ហេង សុគន្ធា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ការផ្តល់ទំនុកចិត្តពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ក៏ដូចជាបន្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត សាលាបានខិតខំប្រឹងប្រែង រហូតក្លាយជាសមាជិក នៃស្ថាប័នអប់រំសំខាន់ៗ ជាច្រើនដូចជា៖

* ស្ថាប័នអប់រំអន្តរជាតិ IB ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools - CIS) និងជាសមាជិករបស់ College Board USA ដែលក្នុងនោះ មានស្ថាប័នអប់រំអន្តរជាតិសំខាន់ៗ ដូចជា៖ ស្ថាប័ន ACT ស្ថាប័ន AP និងស្ថាប័ន SAT ផងដែរ ដែលជាមាគ៌ាដឹកនាំសិស្សានុសិស្សកម្ពុជា ឈានឆ្ពោះទៅក្នុងកម្មវិធីសិក្សា និងការប្រកួតប្រជែងកម្រិតអន្តរជាតិ។

លោកស្រីឧកញ៉ា ហេង សុគន្ធា បានឲ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសមិទ្ធផល សិស្សានុសិស្ស កម្រិតមត្តេយ្យសិក្សា កម្មវិធី IB ចំនួន ៩២នាក់ សិស្សានិសិស្សកម្រិតបឋមសិក្សា កម្មវីធីអាមេរិកាំង កម្មវិធី IB PYP និងកម្មវិធីភាសាចិន បានបញ្ចប់ការសិក្សា ចំនួន ៨៣នាក់, កម្រិតមធ្យមសិក្សាបឋមភូមិ ភាសាខ្មែរ កម្មវិធីអាមេរិកាំង កម្មវិធី IB MYP ចំនួន ១៤៨នាក់ និង កម្រិតមធ្យមសិក្សាទុតិយភូមិ ភាសាខ្មែរ កម្មវិធីអាមេរិកាំង និងកម្មវិធីភាសាចិន ចំនួន ៥៣នាក់។

ជាមួយគ្នានេះ លោកស្រីឧកញ៉ា ហេង សុគន្ធា បានលើកឡើងថា សាលាមានក្តីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សរបស់យើង នឹងទទួលបាននូវការអប់រំដ៏ល្អបំផុត ដែលអាចជួយឲ្យពួក គាត់កាន់តែជោគជ័យ ក្នុងការសិក្សាកម្រិតឧត្តម ទាំងក្នុង និងក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីឧកញ៉ា ហេង សុគន្ធា ក៏សូមសំណូមពរដល់ក្រសួង ស្ថាប័ន វិស័យឯកជន លោក លោកស្រី អ្នកអាណាព្យាបាលសិស្សទាំងអស់ សូមបន្តជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ សាលាអាមេរិកាំងហ្គោលឌិនហ្គេត សំដៅរួមគ្នា អភិវឌ្ឍន៍ធនធានមនុស្ស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត សមស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងអន្តរជាតិ។

សូមជម្រាបថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះទូទៅ នៅឆ្នាំ២០០៩ ដែលមានកម្មវិធី បង្រៀនថ្នាក់ចំណេះទូទៅ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបើកដំណើរការ សាខាចំនួន៤ គឺសាខាដូនពេញ សាខាទួលគោក សាខាអូរបែកក្អម និងសាខាភ្នំពេញថ្មី៕