(បរទេស)៖ ក្រុមហ៊ុនសូហ្វវែរយក្សអាមេរិក Oracle បានប្រកាសថា ខ្លួននឹងបណ្តាក់ទុនចំនួន ១ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ លើសេវាកម្ម cloud computing និង AI នៅលើទឹកដីប្រទេសអេស្ប៉ាញ។ យោងតាមក្រុមហ៊ុន ការវិនិយោគនេះ គឺជាផ្នែកមួយនៃផែនការពង្រីកមូលដ្ឋាន Oracle Cloud Infrastructure (OCI) នៅទូទាំងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោមផែនការវិនិយោគនូវទឹកប្រាក់រាប់ពាន់លានដុល្លារនេះ នឹងត្រូវបានប្រើដើម្បីរៀបចំតំបន់ Cloud ថ្មីដែលនឹងអនុញ្ញាតឱ្យអតិថិជនផ្លាស់ទីបន្ទុកការងារពីមជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេទៅកាន់ Oracle Cloud Infrastructure ខណៈគម្រោងនេះនឹងចូលរួមដោះស្រាយបទបញ្ញត្តិដូចជា ច្បាប់ស្តីពីភាពធន់នឹងប្រតិបត្តិការឌីជីថលរបស់សហភាពអឺរ៉ុប (DORA) និងគោលការណ៍ណែនាំស្តីពីការនាំចេញរបស់អឺរ៉ុប។

ជុំវិញការវិនិយោគនេះ នឹងក្លាយជាតំបន់ Cloud ទី៣ របស់ Oracle ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ហើយក្រុមហ៊ុននឹងចាប់ដៃគូជាមួយនឹង Telefonica España សម្រាប់គម្រោងនេះ។ ដោយឡែកតំបន់ Cloud ដំបូងត្រូវបានគេឱ្យដឹងថា Oracle បានទៅបើកដំណើរការនៅទីនោះចាប់តាំងពីឆ្នាំ២០២២ មកម្លេះ។

គួរជម្រាបថា Oracle ជាក្រុមហ៊ុនសូហ្វវែរយក្សដ៏លេចធ្លោមួយរបស់អាមេរិក ដោយពេលថ្មីៗនេះបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនផលិត ChatGPT គឺ OpenAI និង Google Cloud ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ខ្លួនដល់អតិថិជន។ បើតាមការព្យាករណ៍កាលពីសប្តាហ៍មុន Oracle រំពឹងថាប្រាក់ចំណូលសារពើពន្ធឆ្នាំ២០២៥ នឹងកើនឡើងជាងពីរខ្ទង់លើសពីការប៉ាន់ស្មានរបស់អ្នកវិភាគ ដែលបានមកពីតម្រូវការខ្លាំសម្រាប់សេវាកម្ម Cloud ដែលដំណើរការដោយ AI របស់ខ្លួន៕