(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា ទទួល ៣ពិន្ទុពេញ ក្នុងការប្រកួតបើកឆាកពូលB នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ ក្រោយវាយបកឈ្នះក្រុមជម្រើសជាតិ U16 មីយ៉ាន់ម៉ា ២-១ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅប្រទេសឥណ្ឌូនេស៊ី ។

ជំនួបដ៏តានតឹងនេះ ក្រុម U16 មីយ៉ាន់ម៉ា បាននាំមុខក្រុមគោព្រៃជំទង់កម្ពុជា ១គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយកីឡាករ Thant នៅនាទី២៥ ។ បន្ទាប់មកក្រុមយុវជនកម្ពុជា ក៏បានព្យាយាមវាយបកវិញ រហូតរកបានគ្រាប់តាមស្មើវិញ នៅនាទី៧៥ ដែលធ្វើសម្រេចដោយកីឡាករ ថាច់ ដារ៉ូ មុនយុវជនមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះ បន្ថែមគ្រាប់ទី២ នៅនាទី៩០+៣ ដែលជួយឲ្យក្រុមគោព្រៃកម្ពុជា ទទួលបាន ៣ពិន្ទុពេញតែម្ដង ។

គួរដឹងថា បេសកកម្មក្រុមជម្រើសជាតិ U16 កម្ពុជា ក្នុងការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គឺស្ថិតក្នុងពូល B ជាមួយវៀតណាម មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ រីឯពូលA គឺមានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរី និងពូលC មាន ៤ក្រុមដូចគ្នា រួមមានក្រុម U16 ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ដ្រាលី ។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបវៀតណាម នាថ្ងៃទី២៥-មិថុនា និងចុងក្រោយជួបក្រុម U16 ប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ៕