(ម៉ូនិច)៖ ២ប្រកួតរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A នៅពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 ស្របពេលម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ ត្រូវលេងបង្រ្គប់កិច្ចទល់នឹងស្វីស។

ជំនួបធំប្រចាំពូល A ពីការលេងប្រកួតទី៣ រវាងអាល្លឺម៉ង់ និងក្រុមលេខ២ ស្វីស នឹងចាប់ផ្តើមនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា (ម៉ោងនៅកម្ពុជា) ស្របពេលស្កុតឡេន ប៉ះហុងគ្រី នាម៉ោងដំណាលគ្នាផងដែរ។

អាល្លឺម៉ង់ ដែលបានកក់កៅអីទៅវគ្គ ១៦ក្រុមមុនគេសម្រាប់ Euro ជំនាន់ទី១៧ បន្ទាប់ពីបានយកឈ្នះហុងគ្រី ២-០ ក្នុងប្រកួតទី២ របស់ពួកគេឈរនៅកំពូលតារាងដាច់ក្នុងពូល A តាមពីក្រោយដោយស្វីស ដែលមាន ៤ពិន្ទុ លេងមិនទាន់ចាញ់ដូចគ្នា។ ប្រកួតនេះដែរ ប្រសិនបើស្មើគ្នា នោះស្វីសនឹងចូលរួមជាមួយអាល្លឺម៉ង់ ក្នុងការឡើងទៅវគ្គចាញ់-ធ្លាក់ដែរហើយ ស្របពេលស្កុតឡេន និងហុងគ្រី ត្រូវរង់ចាំអ៊ុតលទ្ធផលលេខ៣ ល្អធៀបនឹងពូលផ្សេងទៀត។

សូមបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗពីពូល A ដល់ពូល F ដែលមាន ៣ប្រកួតក្នុង ១ក្រុមផងនោះ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ទាំង ២៤ក្រុមតែម្តង មុនពេលវគ្គ ១៦ក្រុមចាប់ផ្តើមថ្ងៃទី២៩ ខែមិថុនា ក្រោយពីការសម្រាករយៈពេល ២ថ្ងៃរួចមក៕