(ភ្នំពេញ)៖ នៅតាមបណ្ដាប្រទេសក្នុងសកលលោកតែងតែបញ្ញត្តច្បាប់ឡើងដើម្បីចាត់វិធានការទប់ស្កាត់លើរូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កបទល្មើស នាំឱ្យមានចលាចលនៅក្នុងសង្គម ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ រីឯប្រទេសកម្ពុជាយើង ក្រមព្រហ្មទណ្ឌបានបញ្ញត្តអំពីអំពើដែលបង្កចលាចលដល់សង្គមថាជាបទល្មើស ហើយមានតែអំពើដែលបង្កើតជាបទល្មើសនោះមានចែងក្នុងច្បាប់ព្រហ្មទណ្ឌជាធរមាន ទើបអាចផ្តន្ទាទោសព្រហ្មទណ្ឌបាន ។

បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួន កាលបើបានប្រព្រឹត្តបទល្មើស ប៉ុន្តែក្រមព្រហ្មទណ្ឌបានចែងអំពីលក្ខខណ្ឌតម្រូវមួយចំនួន ដែលអនុញ្ញាតឱ្យបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ អាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ មានដូចជាការការពារស្របច្បាប់ ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរ សច្ចាធារណ៍នៃការការពារស្របច្បាប់ ស្ថានភាពចាំបាច់ អានុភាពនៃកម្លាំង ឬការបង្ខំ អនីតិជនដែលមានអាយុក្រោម ១៤ ឆ្នាំ និងការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយសារមូលហេតុវិបល្លាសស្មារតី ។

តើមានលក្ខខណ្ឌអ្វីខ្លះដែលអាចកំណត់អំពីការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយសារមូលហេតុវិបល្លាសស្មារតី?

ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh Newsសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “ការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយមូលហេតុវិបល្លាសស្មារតី” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

ដើម្បីមានភាពងាយស្រួលក្នុងការយល់ដឹងបន្ថែមទាក់ទងនឹងប្រធានបទនេះ យើងគប្បីយល់ពីពាក្យថា “វិបល្លាស” ជាមុនសិន ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យថា ជាការផ្លាស់ប្រែ ការបំប្លែង វិបត្តិ ឬការភ្លាត់ខុស។ ដូច្នេះពាក្យថាវិបល្លាសស្មារតី ក្នុងន័យច្បាប់ គឺជាបុគ្គលដែលមានវិបត្តិស្មារតី ជាបុគ្គលដែលមានសតិបញ្ញាមិនគ្រប់គ្រាន់ក្នុងរយៈពេលវែង ឬខ្លីដែលនាំឱ្យមិនអាចយល់ដឹងអំពីសកម្មភាពរបស់ខ្លួនឡើយ ឬយើងអាចហៅថា “មនុស្សវិកលចរិត” ។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣១ កថាខណ្ឌទី១ បានចែងអំ ពីការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយសារមូលហេតុវិបល្លាសស្មារតីថា កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតីដែលធ្វើឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ កាលបើជនណាម្នាក់បានប្រព្រឹត្តនូវបទល្មើសទៅលើជនណាម្នាក់ទៀត ជននោះមិនត្រូវបានទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ទោះបីជា បទល្មើសនោះមានចែងក្នុងក្រមព្រហ្មទណ្ឌជាធរមានក៏ដោយ ពីព្រោះជននោះមិនអាចវិនិច្ឆយ និងយល់ដឹងខុសត្រូវអំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនបានឡើយ ។

រីឯកថាខណ្ឌទី២ ក្នុងមាត្រាដដែលនេះ បានបញ្ញត្តថា កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលបន្ថយនូវការដឹងខុសត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល ប៉ុន្តែតុលាការត្រូវគិតគូរអំពីបញ្ហានេះ កាលណាតុលាការកំណត់ទោស ពីព្រោះជននោះនៅតែស្ថិតក្នុងស្ថានភាពវិបល្លាសស្មារតី គ្រាន់តែអានុភាពនៃការយល់ដឹងការខុសត្រូវរបស់គាត់ ត្រូវបានបន្ថយតែប៉ុណ្ណោះ ។ មានន័យថាជនដែលអាចកំណត់បានថាជាជនដែលកើតវិបល្លាសស្មារតី ត្រូវមានការបញ្ជាក់ដោយពេទ្យជំនាញផ្នែកបញ្ញាស្មារតី ឱ្យបានត្រឹមត្រូវ ។នៅក្នុងកថាខណ្ឌទី៣ បានចែងបន្ថែមថា កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតីដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ហាមឃាត់ មិនអាចរួចផុតពីការទទួលខុសត្រូវ ព្រហ្មទណ្ឌបានឡើយ ។

ដូច្នេះជនដែលបានប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ហាមឃាត់ដែលនាំអោយប៉ះពាល់ផ្នែកស្មារតី បានប្រព្រឹត្តបទល្មើស ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានក្នុងមួយរយៈពេលណាមួយជាកំណត់បាន មិនអាចក្លាយទៅជាមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយសារវិបល្លាសស្មារតីបានឡើយ  ពីព្រោះការប្រើប្រាស់នូវសារជាតិដែលច្បាប់ហាមឃាត់ទាំងអស់នេះ គឺកើតចេញពីឆន្ទៈរបស់អ្នកប្រើប្រាស់ផ្ទាល់  ដែលវាមិនមែនមានប្រភពមកពីជរាភាពគ្រោះថ្នាក់ ឬមកពីជំងឺណាមួយឡើយ ។

សរុបសេចក្តីមក ក្រមព្រហ្មទណ្ឌបានបញ្ញត្តពីឯកត្តកម្មនៃទោស គឺប្រសិនបើជនណាបានប្រព្រឹត្តបទល្មើស ជននោះត្រូវតែទទួលទោសតាមទំហំដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែមានលក្ខខណ្ឌមួយចំនួនដែលជាករណីលើកលែងនាំឱ្យជនដែលបានប្រព្រឹត្តបទល្មើសអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដោយសារតែអំពើប្រព្រឹត្តបទល្មើសស្ថិតក្នុងអំឡុងពេលជននោះ កំពុងមានវិបល្លាសស្មារតី ។

រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងលោកមេធាវី បូរិន្ទ ឬទ្ធិរាជ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕