(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់យុវជន ជាកីឡាករ។

ការប្រកួតកីឡាបាល់ទាត់នៅព្រឹកថ្ងៃអាទិត្យនេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុង ប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ ដែលលទ្ធផល បានទៅលើក្រុមកីឡាឃុំសន្លុង ៣ ទល់នឹង ២ ហើយក្រុមទី២ គឺក្រុមកីឡាយុវជនឃុំវិហារសួគ៌ ប្រកួតជាមួយក្រុមកីឡាយុវជនឃុំព្រែកតាមាក់ ដែលលទ្ធលបានទៅលើឃុំវិហារសួគ៌ ១ ទល់នឹង ០ ។

សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណង (១)លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤) ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពលសម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានឧបត្តម្ភភេសជ្ជៈ និងថិកាមួយចំនួនដល់ក្រុមកីឡាករផងដែរ។

បន្ទាប់មក ណ្ឌិត កៅ ថាច និងសហការី បានបន្តចុះពិនិត្យគម្រោងកសិកម្មឆ្លាតវៃ ដាំបន្លែសុវត្ថិភាព នៅឃុំជ័យធំ និងចុះពិនិត្យស្រែរបស់កសិករនៅឃុំរការជន្លឹង ដែលកំពុងបូមទឹកអណ្តូងបញ្ចូលស្រែ។ លោកបណ្ឌិត ក៏បានណែនាំដល់កសិករ ឧ្យសិក្សាលើការប្រើប្រព័ន្ធសូឡាសម្រាប់បូមទឹក ជំនួសការប្រើម៉ាស៊ីនវិញ ពីព្រោះកាប្រើសូឡាចំណាយថវិកាតិចជាង៕