(ម៉ូនិច)៖ ២ប្រកួតនាយប់នេះ គឺដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុជុំទី៣ ប្រចាំពូល B នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ក្រោយពេលពូល A លេងចប់ ៣ប្រកួតរួចរាល់យប់មិញនេះ។

ក្រុមកំពូលតារាងអេស្ប៉ាញ នឹងលេងបង្រ្គប់កិច្ចទល់នឹងជម្រើសជាតិអាល់បានី ក្នុងប្រកួតទី៣ ចុងក្រោយប្រចាំពូល B ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Merkur Spiel-Arena ដោយមានលោក Glenn Nyberg សញ្ជាតិស្វីស ជាមន្រ្តីអាជ្ញាកណ្តាល។ អេស្ប៉ាញ អតីតជើងឯកអឺរ៉ុប ៣សម័យកាលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមរួចរាល់ហើយ ក្រោយពេលយកឈ្នះអ៊ីតាលី ១-០ ក្នុងប្រកួតទី២ របស់ពួកគេ។

សម្រាប់ ១ប្រកួតទៀតក្នុងពូល B នេះដែរដែលចាប់ផ្តើមម៉ោង ២យប់រំលងអាធ្រាត្រដំណាល់គ្នាឈានចូលព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ២០២៤ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រូអាត ទល់នឹងក្រុមការពារតំណែងជើងឯក អាសូរីអ៊ីតាលី នៅកីឡដ្ឋាន Red Bull Arena Leipzig ដោយមានលោក Danny Makkelie សញ្ជាតិហូឡង់ ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

អ៊ីតាលី អតីតជើងឯក Euro ២សម័យកាលផងនោះ មាន ៣ពិន្ទុក្នុងដៃ ក្រោយបានឆ្លងកាត់ ២ប្រកួតប្រចាំពូល B គ្រាដែលគូប្រជែងក្រឡាអុកក្រូអាតទើបមាន ១ពិន្ទុស្មើជាមួយអាល់បានី និងឈរបាតតារាងបច្ចុប្បន្ន។ អ៊ីតាលីត្រូវការឈ្នះក្រូអាត ដើម្បីមានឱកាសឡើងទៅវគ្គ ១៦ក្រុម ស្របពេលគោជល់អេស្ប៉ាញ ទោះស្មើជាមួយអាល់បានី ក៏បញ្ចប់ក្នុងតំណែងកំពូលនៃពូល B នេះដែរ៕