(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការរៀបចំកម្មវិធី BIDC Run - Run for a Better life 2023 នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) បានសហការជាមួយអង្គភាពមួយចំនួន ដូចជា ក្រុមហ៊ុន Metfone ក្រុមហ៊ុន បុរី ប៉េងហួត និងមន្ទីរពេទ្យជោរៃភ្នំពេញ បានរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌លើកទី២ BIDC&METFONE RUN - Run for a better life 2024 ដែលប្រព្រឹត្តទៅក្នុងរយៈពេល២២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីរៃអង្គាសថវិកាឧបត្ថមកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺក្រីក្ររបស់មន្ទីរពេទ្យជោរៃភ្នំពេញ ដែលគិតជាអប្បបរមាចំនួន១៥ពាន់ដុល្លារអាមេរិក។

ព្រឹត្តិការណ៍នេះបានទាក់ទាញកីឡាករ-កីឡាការិនីប្រមាណជិត៥០០នាក់ឱ្យចូលរួម និងកត់ត្រាសមិទ្ធផលរត់ចម្ងាយជាង១,០០០គីឡូម៉ែត្រ ដែលត្រូវនឹងថវិកាជាង២,០០០,០០០រៀល​។

នេះជាកម្មវិធីសប្បុរសធម៌ដែលដាក់ឱ្យដំណើរការជាផ្លូវការដោយធនាគារ BIDC តាំងពីឆ្នាំ២០២៣ ដែលបានទាក់ទាញអ្នកចូលរួមជាង៨០០នាក់ កត់ត្រាលទ្ធផលបានជាង១២,០០០គីឡូម៉ែត្រ និងបំប្លែងទៅជាទឹកប្រាក់ប្រហាក់ប្រហែលជាង៥០លានរៀល និងបានបរិច្ចាគទៅដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ នេះគឺជាសកម្មភាពស្ម័គ្រចិត្តដែល BIDC និងនឹងបន្តអនុវត្តក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងគោលបំណងលើកកំពស់សុខភាពរាងកាយ បង្កើតអោយមាននូវទីលានប្រកួត ប្រជែងប្រកបដោយសុខភាពល្អ និងមានអត្ថប្រយោជន៍ ព្រមទាំងបានផ្សព្វផ្សាយរូបភាព BIDC ដើម្បីសហគមន៍ ផងដែរ។ ជាពិសេស BIDC & METFONE RUN - Run for a better life 2024 ក៏ជាសកម្មភាពចំបងមួយក្នុងចំនោមសកម្មភាព និងព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបលើកទី១៥ របស់ធនាគារ BIDC និងក្រុមហ៊ុន METFONE។

អ្នកទាំងអស់គ្នាអាចចូលរួមចុះឈ្មោះក្នុងកម្មវិធីសប្បុរសធម៌ BIDC&METFONE RUN – រត់ដើម្បីជីវិតកាន់តែប្រសើរនៅលើកម្មវិធី (App BIDC RUN ឬគេហទំព័រ https://run.bidc.com.kh )។ BIDC ប្រើប្រាស់កម្មវិធី BIDC RUN នេះដើម្បីកត់ត្រាលទ្ធផលដែលកំពុងដំណើរការរបស់បុគ្គលដែលបានចុះឈ្មោះចូលរួម។ សម្រាប់ការរត់ ឬដើរស្របតាមលក្ខណៈមួយគីឡូម៉ែត្រដែលមានសុពលភាពនៃអ្នកចូលរួមកម្មវិធី។ BIDC ប្តេជ្ញា និងធានាក្នុងការបំប្លែងថវិកាដែលមានតម្លៃស្មើ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺក្រីក្ររបស់មន្ទីរពេទ្យជោរៃភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមមើលគេហទំព័រ www.run.bidc.com.kh​ ឬនៅលើកម្មវិធី BIDC Run