(បរទេស)៖ បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនខែឆ្នាំ ពេលនេះក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ខ្លួនបានយល់ព្រមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបិទចោលវេទិកាវីដេអូខ្លីៗមួយនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ និងការពារទិន្នន័យឯកជនភាពអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

អស់រយៈពេលជាច្រើនខែឆ្នាំមកហើយ TikTok និង ByteDance បាននឹងកំពុងជំរុញឱ្យតុលាការអាមេរិកបញ្ឈប់ការអនុវត្តន៍ច្បាប់ដែលហាមឃាតកម្មវិធីនេះលើទឹកដីអាមេរិក ឬលក់កម្មសិទ្ធឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង ការយល់ព្រមបើកភ្លើងខៀវពីសំណាក់ TikTok នេះ គឺដើម្បីផ្តល់សិទ្ធអំណាចឲ្យរដ្ឋាភិបាលអាមេរិក នូវសិទ្ធសម្រេចរបស់ខ្លួន ក៏ដូចជាអនុវត្តន៍ច្បាប់ហាមឃាត TikTok ដែលចូលជាធរមានកាលពីឆ្នាំ២០២២។ ច្បាប់នេះ ត្រូវបានកំណត់ឡើង ដោយសារតែការព្រួយបារម្ភ ថា TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែជុំវិញកង្វល់នេះ ក្រុមហ៊ុន ByteDance តែងតែបដិសេធ និងធានាថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យនោះដែរ។

TikTok អះអាងថា យន្តការនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានសិទ្ធិអំណាចច្បាស់លាស់ ក្នុងការព្យួរវេទិកានេះនៅសហរដ្ឋអាមេរិក តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងលិខិតមួយយ ដែលត្រូវបានរាយការណ៍ដំបូងដោយ Washington Post ផ្ញើទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មេធាវីរបស់ TikTok បានចោទប្រកាន់ថា រដ្ឋាភិបាលបានបញ្ឈប់ការចរចាសំខាន់ៗ បន្ទាប់កំណត់ច្បាប់ថ្មី។

គួរជម្រាបថា TikTok កំពុងប្រឈមនឹងច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance លក់កម្មសិទ្ធរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមមុខនឹងការហាមឃាត់៕