(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង «BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤» បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវគុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។

លើសពីសកម្មភាពកីឡាធម្មតា «រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤» គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធផលរបស់អ្នករត់ទាំងអស់ នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹងបរិច្ចាគ ដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យជាពិសេសអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពលំបាក។

ការរត់ម៉ារ៉ាតុងនឹងមានសកម្មភាពចំនួនពីរ៖ ការរត់តាមអ៊ីនធឺណិត និងការរត់ប្រណាំងផ្ទាល់ដែលបម្រើជាព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ការរត់តាមអ៊ីនធឺណិត។ ការរត់ប្រណាំងផ្ទាល់ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦៖០០ ព្រឹក ដល់ ៨៖០០ ព្រឹក នៅថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ការត់មានចម្ងាយ ៥ គីឡូម៉ែត្រ។

សម្រាប់កម្មវិធីដែលកំពុងដំណើរការតាមអ៊ីនធឺណិត អ្នកចូលរួមស្វែងរកចុះឈ្មោះតាមរយៈកម្មវិធីទូរសព្ទ BIDCRun (ភ្ជាប់ដោយស្វ័យប្រវត្តិទៅកម្មវិធី Strava នៅពេលចុះឈ្មោះ) ហើយចូលរួមដោយសេរីក្នុងសកម្មភាពដើរ រត់បានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់រាល់ការរត់គីឡូម៉ែត្រដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធនឹងបំប្លែងចំនួនវិភាគទានទៅជា ៥០០ រៀលក្នុង ១គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រសរុប ដែលសម្រេចបានដោយអ្នកចូលរួម)។

ដោយមានបំណងចង់ផ្សព្វផ្សាយសេចក្ដីស្រឡាញ់កីឡាជាទូទៅ ការរត់ជាពិសេស និងសារៈសំខាន់មនុស្សធម៌នៃការរត់ម៉ារ៉ាតុង ក្រុមហ៊ុន Metfone និងធនាគារ BIDC បានប្រកាសថា ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ក្រុមហ៊ុនទាំងពីរមានគោលបំណងលើកកម្ពស់ចលនាកីឡា និងលើកកម្ពស់សុខភាពរបស់បុគ្គលិកធនាគារ BIDC និង ក្រុមហ៊ុន Metfone មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលផងដែរ៕