(បរទេស)៖ ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់កម្មវិធី TikTok នោះ ត្រូវបានរាយការណ៍មកថា កំពុងធ្វើការជាមួយក្រុមហ៊ុនរចនាបន្ទះឈីបអាមេរិក Broadcom ដើម្បីបង្កើតបន្ទះឈីប AI កម្រិតខ្ពស់។ ប្រភពដែលដឹងពីព័ត៌មាននេះបាននិយាយថា ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ​ នឹងជួយម្ចាស់ TikTok ទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់នៃបន្ទះឈីបកម្រិតខ្ពស់ ចំពេលសហរដ្ឋអាមេរិក និង ចិន កំពុងមានភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពបានបន្ថែមថា បន្ទះឈីប ៥ណាណូម៉ែត្រ ដែលជាផលិតផលម្យ៉ាងមានឈ្មោះផ្លូវការថា ASIC នឹងអនុលោមតាមច្បាប់រឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក ហើយការងារផលិតនឹងត្រូវបាននាំចេញទៅក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ផងដែរ។ តែយ៉ាងណា រហូតមកទល់នឹងពេលនេះក្រុមហ៊ុនពាក់ព័ន្ធ ហាក់មិនទាន់មានការប្រកាសជាសាធារណៈអំពីកិច្ចសហការអភិវឌ្ឍន៍បន្ទះឈីបរវាងក្រុមហ៊ុនចិន និងអាមេរិក ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើប ៥ណាណូម៉ែត្រនេះនៅឡើយទេ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានណែនាំឲ្យរឹតបន្តឹង ការនាំចេញ សម្រាប់គ្រឿងអេឡិចត្រូនិកដ៏ទំនើបក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ TSMC មិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតបន្ទះឈីបថ្មីនៅឆ្នាំនេះទេ។ ងាកមកក្រុមហ៊ុន ByteDance និង Broadcom មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយ ជុំវិញព័ត៌មានខាងលើទេ ហើយ TSMC បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

គួរជម្រាបថា ក្រុមហ៊ុនចិន ByteDance និង ក្រុមហ៊ុនអាមេរិក Broadcom គឺជាដៃគូអាជីវកម្មនឹងគ្នា ចាប់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ ក្រុមហ៊ុនចិននេះ បានទិញបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ Tomahawk 5nm ពីក្រុមហ៊ុនអាមេរិក ក៏ដូចជា Bailly switch របស់ខ្លួន សម្រាប់ចង្កោមកុំព្យូទ័រ AI។ នេះបើយោងតាម Broadcom បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ៕