(ស្ទូតហ្គាត)៖ ខ្សែការពារកណ្តាលអ៊ុយក្រែន IIya Zabarnyi បានលើកឡើងថា លោកបានបោះបង់ចោលការកោះហៅ ដើម្បលេងឱ្យក្រុមជម្រើសជាតិនៅឯព្រឹត្តិការណ៍ Paris Olympics ដោយសារតែលោកត្រូវការការសម្រាក ដើម្បីចាប់ផ្តើមរដូវកាលដ៏វែងឆ្ងាយនៅ Premier League។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ២១ឆ្នាំរូបនេះ បានលេង ៣៧លើកក្នុងលីគ Premier League ឱ្យក្លិប AFC Bournemouth កាលពីរដូវកាលមុន មុនពេលចូលរួមជាមួយក្រុមជម្រើសជាតិ លេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។

«អ៊ុយក្រែន ក្នុងព្រឹត្តិការណ៍ Olympic គឺជាលើកដំបូង។ វាពិតជាសំខាន់ណាស់ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងខកខានការហ្វឹកហាត់មុនបើករដូវកាលជាមួយ Bournemouth។ ខ្ញុំនឹងមិនបានសម្រាកនោះទេ»។ Zabarnyi បានលើកឡើង។

«វាមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាសំខាន់ណាស់ ក្នុងការឈប់សម្រាក។ ខ្ញុំមានរដូវកាលដ៏យូរនៅលីគ Premier League នៅចំពោះមុខខ្ញុំ។ ខ្ញុំចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានល្អជានិច្ច»

សូមជម្រាបថា អ៊ុយក្រែន នឹងត្រូវប៉ះបែលហ្ស៊ិក ដែលជាការប្រកួតចុងក្រោយ ក្នុងពូល E របស់ពួកគេ នៅព្រឹត្តិការណ៍ Euro 2024 ក្នុងទីក្រុង Stuttgart នាថ្ងៃពុធស្អែកនេះ ខណៈទាំង ៤ក្រុមក្នុងពូល E នេះមាន ៣ពិន្ទុដូចៗគ្នា។ រ៉ូម៉ានី និងបែលហ្ស៊ិក កាន់កាប់តំណែងកំពូលតារាង ដោយផ្អែកលើចំនួនគ្រាប់បាល់​ ដែលរកបាននាំមុខស្លូវ៉ាគី និងអ៊ុយក្រែន៕