(ម៉ូនិច)៖ ៤ប្រកួតនៅរាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល C និងពូល D ក្នុងពឹ្រត្តិការណ៍ពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ ក្រោយពេលពូល A និងពូល B បានបញ្ចប់វគ្គសន្សំពិន្ទុសម្រាប់ជុំទី៣ ជាស្ថាពររួចមក។

២ប្រកួតបើកឆាកនាម៉ោង ១១យប់ដំណាលគ្នា (ម៉ោងនៅកម្ពុជា) នៅរាត្រីថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាការប្រកួតបិទពូល D ដោយមានមាន់គកបារាំង ត្រូវប៉ះក្រុមបាតតារាងគ្មានពិន្ទុរាប់ ប៉ូឡូញ នៅពេលទឹកក្រូចហូឡង់ ត្រូវប្រជែងនឹងអូទ្រីស ក្នុងការស្វែងរកកៅអី ដើម្បីឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត។

ដោយឡែកសម្រាប់ ២ប្រកួតបញ្ចប់ពូល C វិញគឺជាការជួបគ្នារវាងតោកំណាចអង់គ្លេស អតីតក្រុមរងជើងឯក Euro 2020 ត្រូវប៉ះស្លូវេនី ដែលមានអ្នកចាំឆ្នើម Jan Oblak មកពីក្លិប Atletico Madrid គ្រាដែលដាណឺម៉ាក ត្រូវជួបស៊ែប៊ី លេងម៉ោង ២យប់រំលងអាធ្រាត្រនេះដំណាលគ្នាតែម្តង ក្នុងប្រកួតទី៣ របស់ពួកគេរៀងៗខ្លួន។

គួរបញ្ជាក់ផងថា អង់គ្លេសដែលមិនទាន់ឈ្នះពាន Euro ម្តងណាសោះ បានធានាកៅអីឡើងទៅវគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិហើយ ដោយមាន ៤ពិន្ទុក្នុងដៃ ដ្បិតក្រូអាតមានតែ ២ពិន្ទុឈរនៅលេខ៣ ពូល B និងស្កុតឡេនជាក្រុមហាលអាវពី Euro លើកទី១៧ នេះមុនគេ បន្ទាប់លេង ៣ប្រកួតក្នុងពូល A រកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ៕