(ម៉ូនិច)៖ សន្តិសុខការពារសុវត្ថិភាពទាំងអស់ នឹងផ្តោតការយកចិត្តទុកដាក់លើខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការប្រកួត Euro 2024 នៅរាត្រីថ្ងៃពុធ ស្អែកនេះទល់នឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី បន្ទាប់ពីអ្នកប្រមាញ់រូបថតសែលហ្វី បានបំពានទីលានប្រកួត ក្នុងការប្រកួតរបស់ព័រទុយហ្គាល់ ដែលបានបង្កើនការព្រួយបារម្ភ អំពីសុវត្ថិភាព និងបានបង្ខំឱ្យ UEFA ដាក់ចេញវិធានការតឹងរឹង ដើម្បីការពារកីឡាករ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ជ័យជម្នះ ៣-០ របស់ព័រទុយហ្គាល់លើតួកគី ត្រូវបានគេមើលឃើញថា យ៉ាងហោចណាស់មានអ្នកគាំទ្រ ៦នាក់បានបំពានទីលានប្រកួត ដើម្បីថតរូបជាមួយនឹង Ronaldo អំឡុងពេល និងបន្ទាប់ពីចប់ការប្រកួត ដែលធ្វើឡើងនៅទីក្រុង Dortmund កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

​«សុវត្ថិភាព និងសន្តិសុខក្នុងកីឡដ្ឋាន លើទីលានប្រកួត និងទីកន្លែងសម្រាប់ក្រុម ជាអាទិភាពខ្ពស់បំផុតរបស់ UEFA, DFB (សមាគមបាល់ទាត់អាល្លឺម៉ង់) និងព្រឹត្តិការណ៍ Euro 2024»។ នេះបើតាម UEFA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។

«ពីពេលនេះរហូតដល់ចប់ វិធានការសុវត្ថិភាពបន្ថែម នឹងត្រូវដាក់ពង្រាយក្នុងកីឡដ្ឋាន ដើម្បីបំពេញតម្រូវការនៃព្រឹត្តិការណ៍ និងដើម្បីការពារហេតុការណ៍បែបនេះកើតឡើងទៀត»។

សូមជម្រាបថា លទ្ធផលឈ្នះនោះបានធានាឱ្យព័រទុយហ្គាល់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់បន្តប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមខ្លាំងក្នុងពូល F ខណៈហ្សកហ្ស៊ី ចាំបាច់ត្រូវឈ្នះ ១ប្រកួត ដើម្បីឡើងទៅវគ្គបន្តដែរ៕