(បរទេស)៖ ក្រុមហ៊ុនតន្ត្រីធំៗរួមទាំង Sony Music, Universal Music Group និង Warner Records និយាយថា Suno និង Udio ដែលជាក្រុមហ៊ុនបង្កេីត AI បានប្រព្រឹត្តការរំលោភលើសិទ្ធិអ្នកនិពន្ធលើ «ទំហំស្ទើរតែមិនអាចនឹកស្មានដល់» ដោយអះអាងថាកម្មវិធីរបស់ក្រុមហ៊ុនទាំងពីរនេះ លួចស្នាដៃតន្ត្រីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយទាមទារសំណងចំនួន ១៥០,០០០ដុល្លារ។ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
ជុំវិញការប្តឹងផ្តល់នេះ ទាំង Suno និង Udio មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ពាក្យបណ្តឹងនេះ បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយសមាគមឧស្សាហកម្មតន្រ្តីរបស់អាមេរិក ដែលជាផ្នែកមួយនៃការទាមទារសិទ្ធឲ្យអ្នកនិពន្ធ អង្គការព័ត៌មាន និងក្រុមផ្សេងទៀតដែលកំពុងប្រកួតប្រជែងទាមទារសិទ្ធិពីក្រុមហ៊ុន AI ដែលយកស្នាដៃរបស់ពួកគេ ដោយគ្មានការអនុញ្ញាត។ ក្រុមហ៊ុន Suno ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Massachusetts បានបញ្ចេញផលិតផលដំបូងរបស់ខ្លួនកាលពីឆ្នាំមុន ហើយបានអះអាងថាមនុស្សជាង ១០លាននាក់ បានប្រើប្រាស់ឧបករណ៍ AI របស់ខ្លួនដើម្បីធ្វើតន្ត្រី។
គួរជម្រាបថា ពាក្យបណ្តឹងនេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីសិល្បករប្រហែល២០០ នាក់រួមទាំង Billie Eilish និង Nicki Minaj ផងនោះ បានចុះហត្ថលេខាលើលិខិតមួយអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) នៅក្នុងឧស្សាហកម្មតន្ត្រី ជាពិសេសប្រេីប្រាស់ស្នាដៃរបស់សិល្បករដោយគ្មានការអនុញ្ញាត៕