(ភ្នំពេញ)៖ លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាប៊ូលីងលក្ខណៈអន្ដរជាតិនៅកម្ពុជា ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា បានបង្ហាញសមត្ថភាព និងបណ្ដុះនូវស្មារតី ក៏ដូចជាភាពក្លាហានសម្រាប់ត្រៀមការប្រកួតអន្ដរជាតិធំៗនាថ្ងៃអនាគត ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញ ដោយមានអត្តពលិកជាង ១៤០នាក់ មកពី ១០ប្រទេសចូលរួមប្រកួត ហើយក៏មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, NOCC និងប្រតិភូអន្ដរជាតិជាច្រើនផងដែរ ។

មន្ដ្រីជាន់ខ្ពស់ NPCC ដដែលបន្ដថា ការប្រកួតលក្ខណៈអន្ដរជាតិនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ល្អ ដើម្បីបណ្ដុះស្មារតីកីឡាករ-កីឡាការិនីប៉ារ៉ាប៊ូលីងកម្ពុជា ឲ្យមានភាពក្លាហាន និងរឹងមាំ ក៏ដូចជាអភិវឌ្ឍជំនាញកម្រិតខ្ពស់ ត្រៀមឆ្ពោះទៅការប្រកួតអន្ដរជាតិធំៗ ដូចជាការត្រៀមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃជាដើម ។ ដូច្នេះលោកសង្ឃឹមថា វេទិកានេះ នឹងក្លាយជាឱកាសដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីជនមានពិការភាពកម្ពុជា ក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ។

លោក យី វាសនា បន្ថែមថា ការប្រកួតនេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើន ដូចជាការចូលរួមផ្សព្វផ្សាយកីឡាប៊ូលីងនៅកម្ពុជាដល់ស្រទាប់យុវជន ទាំងពិការភាព និងមិនពិការភាព ការចម្រាញ់បានកីឡាករ-កីឡាការិនីប៊ូលីងល្អៗត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ពិសេសគឺការបង្ហាញផ្សព្វផ្សាយព័ត៌មានសម្រាប់ជនពិការភាពវ័យក្មេងៗឲ្យមានចំណាប់អារម្មណ៍ចូលរួមហ្វឹកហាត់ក្លាយជាកីឡាករ-កីឡាការិនីប៉ារ៉ាប៊ូងលីងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ផងដែរ ។

លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលីងកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ចាប់ដំណើរការពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអត្តពលិកប្រមាណ ១៤២នាក់ មកពី ១០ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា, សាធារណរដ្ឋកូរ៉េ, ហុងកុង និង សៀងហៃ នៃប្រទេសចិន, ជប៉ុន, សាធារណរដ្ឋឆេក, ហ្វីលីពីន, ថៃ, ឥណ្ឌា និងម៉ាឡេស៊ី ។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមកីឡាប៉ារ៉ាប៊ូលីងកម្ពុជា ដែលទើបប្រមូលផ្ដុំហ្វឹកហាត់បាន ១ខែ ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរ ៕