(ភ្នំពេញ)៖ ពេលគិតដល់ម៉ាករថយន្តប្រណិតដែលឈានមុខលើទីផ្សាររថយន្តពិភពលោក គេមិនអាចរំលងម៉ាករថយន្ដ Lexus បានឡើយ ក៏ព្រោះតែម៉ាករថយន្តនេះបានកសាងសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ តើមានអ្វីខ្លះជួយជ្រោមជ្រែងឲ្យ Lexus សម្រេចបានសមិទ្ធផលធំៗរហូតអាចសង់គ្រឹះឈរជើងជាប់លើទីផ្សាររថយន្តប្រណិតលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ?

ដំណើរដើមទងនៃភាពជោគជ័យរបស់ Lexus បានចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្ត Lexus ម៉ូដែល LS ដែលជារថយន្តប្រណិតប្រភេទ Sedan ដំបូងរបស់ខ្លួន ហើយបាននាំមកនូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលមិនធ្លាប់មានលើរថយន្តដទៃ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងជាងគេលើរថយន្ត Lexus LS ជំនាន់ដំបូង គឺបានបំពាក់នូវប្រភេទចង្កូតដែលការបើកបរអាចកែសម្រួលទីតាំងបាន (ដើម្បីឲ្យវាងាយស្រួលសម្រាប់អ្នកក្នុងការបើកបរ) ដែលភាសាបច្ចេកទេសហៅថា Tilt-and-telescopic Steering Wheel ហើយចង្កូតប្រភេទនេះមានប្រើប្រាស់លើរថយន្តជាច្រើននាពេលបច្ចុប្បន្ន។

ការបើកទំព័រថ្មីមួយទៀតនៃប្រវត្តិសាស្ត្ររបស់ Lexus គឺការប្រកាសចេញរថយន្ត Lexus ម៉ូដែល RX ជារថយន្តប្រណិតប្រភេទ SUV និងជាម៉ូដែលរថយន្តប្រណិតដំបូងដែលប្រើប្រាស់ប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid (HEV) ហើយបានក្លាយជាម៉ូដែលរថយន្តលក់ដាច់ជាងគេបំផុតរបស់ Lexus។ ការប្រកាសចេញរថយន្តស្ព័រ Lexus LFA កាន់តែសបញ្ជាក់អំពីការប្ដេជ្ញារបស់ Lexus ពីការបង្កើតស្តង់ដាថ្មីលើការឌីហ្សាញ និងការអភិវឌ្ឍផងដែរ។

សមិទ្ធផលដែលមិនអាចកាត់ថ្លៃបានទាំងនេះបានកកើតចេញពីគុណតម្លៃស្នូលធំៗរបស់ Lexus ចំនួន៤ ដែលក្នុងនោះរួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត, ការគិតគូរលើតម្រូវការអតិថិជនជាចម្បង, ការកែលម្អឥតឈប់ឈរ និងចុងក្រោយគឺការផ្ដល់ជូននូវបទពិសោធន៍ពិសេសប្លែកពីគេ។ 

ជាងនេះទៅទៀត ម៉ាកសញ្ញា Lexus ក៏មានការប្ដេជ្ញាខ្ពស់ក្នុងការសាងឧត្តមភាព ដែលបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈចំណុចជាច្រើន រាប់ចាប់តាំងពីអត្តសញ្ញាណនៃការឌីហ្សាញប្លែកពីគេ រហូតដល់ការផ្ដល់សេវាកម្មដែលអនុវត្តដោយឈរលើផ្នត់គំនិតអូម៉ូតេណាស៊ី (Omotenashi) ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។

ទស្សនវិស័យនៃការឌីហ្សាញរបស់ Lexus ដែលគេឲ្យឈ្មោះថា L-finesse ត្រូវបានបង្កើតនិងអនុវត្តដោយក្រុមអ្នកឌីហ្សាញវិស្វករ និងបុគ្គលិកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន។ ទស្សនវិស័យនេះបានស្ដែងឲ្យឃើញច្បាស់តាមរយៈរថយន្ត Lexus LS ជំនាន់ដំបូងអំពីការប្ដេជ្ញារបស់ Lexus ក្នុងការបង្កើតរថយន្ត ដែលប្រកបដោយការច្នៃប្រឌិត និងប្រកបដោយភាពប៉ិនប្រសប់ ហើយក៏បានឆ្លុះបញ្ចាំងអំពីការគិតគូរខ្ពស់របស់ Lexus លើប្រណិតភាពគុណភាព និងតម្រូវការរបស់អតិថិជនផងដែរ។

ទន្ទឹមនឹងនោះ អូម៉ូតេណាស៊ី (Omotenashi) គឺជាផ្នត់គំនិតដ៏ល្បីមួយរបស់ប្រទេសជប៉ុន ដែលជាអ្វីដែល Lexus បានយកមកអនុវត្តនៅលើផ្នែកបម្រើសេវាកម្មអតិថិជនរបស់ខ្លួន។ អូម៉ូតេណាស៊ី (Omotenashi) គឺតំណាងឲ្យប្រពៃណីរបស់ជនជាតិជប៉ុនក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបភាពដោយបដិសណ្ឋារកិច្ចល្អឥតខ្ចោះ និងយកចិត្តទុកដាក់ខ្ពស់ ហើយផ្ដល់ជូនការថែទាំលើសពីការរំពឹងទុក។ ភស្តុតាងដែលបង្ហាញថា Lexus ពិតជាបានអនុវត្តផ្នត់គំនិតនេះ គឺបានលេចចេញកាលពីឆ្នាំ១៩៩០ នៅពេលដែល Lexus បានហៅចូលមកវិញនូវរថយន្ត Lexus LS ជាលើកដំបូង និងការបណ្ដុះផ្នត់គំនិតឲ្យចាត់ទុកអតិថិជនទាំងអស់ជាភ្ញៀវកិត្តិយសដូចៗគ្នា។

ការប្ដេជ្ញារបស់ Lexus គឺលើសពីឧត្តមភាពនៃរថយន្ត ដោយក្នុងនោះមាន Intersect by Lexus ជាឧទាហរណ៍ជាក់ស្ដែង។ Intersect by Lexus មិនមែនជាហាងចែកចាយ ឬហាងលក់នោះទេ ប៉ុន្តែប្រៀបបានជាមជ្ឈមណ្ឌលវប្បធម៌ដ៏ពិសេសមួយដែលមានតួនាទីបង្ហាញអំពីរបៀបរស់នៅ ការរចនា សិល្បៈ វប្បធម៌ ការតុបតែងខ្លួន និងសិល្បៈនៃម្ហូបអាហារនៅប្រទេសជប៉ុន។

សរុបមកវិញ ជោគជ័យនាពេលបច្ចុប្បន្នរបស់ម៉ាកសញ្ញា Lexus បានកកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមផ្សំនឹងការផលិតរថយន្តប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងការប្ដេជ្ញាយ៉ាងមោះមុតលើប្រណិតភាព គុណភាព ដែលនាំមកនូវឧត្តមភាពយ៉ាងខ្ពង់ខ្ពស់ជូនអតិថិជនរបស់ខ្លួន៕