(ភ្នំពេញ)៖ និយោជិតទាំងអស់ដែលបើកប្រាក់ឈ្មួលតាមរយៈកញ្ចប់ប្រាក់បៀវត្សថ្មីរបស់ធនាគារ វីង ឥឡូវនេះអាចទទួលបានអត្ថប្រយោជន៍ពីសេវាធានារ៉ាប់រងដោយឥតគិតថ្លៃរហូតដល់ ១.០០០ ដុល្លារ ក្នុងមួយនាក់។

ក្នុងកិច្ចសហការថ្មីមួយដែលមានគោលបំណងលើកកម្ពស់សុខុមាលភាពនយោជិតនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក បានសហការលើការផ្តល់កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃទៅដល់នយោជិត ដោយផ្តល់ជូនពួកគេនូវការគាំពារផ្នែកហិរញ្ញវត្ថុពីហេតុការណ៍អកុសលកើតឡើងជាយថាហេតុណាមួយ ក៏ដូចជាការរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគមន៍ពលកម្មការងារផងដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងមិនអាចដឹងមុនបានឡើយថានឹងមានហេតុការណ៍អ្វីកើតឡើងនាពេលខាងមុខ ដែលហេតុនេះហើយការគាំពារផ្នែកហិរញ្ញវត្ថុពិតជាមានសារៈសំខាន់។ កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងខ្ញុំក្នុងការជំរុញកម្លាំងពលកម្មឱ្យកាន់តែរឹងមាំថែមទៀត ក៏ដូចជាផ្តល់នូវការគាំទ្រម្ចាស់អាជីវកម្ម ឬក្រុមហ៊ុននានាដែលចាំបាច់ ដើម្បីរីកចម្រើនក្នុងស្ថាភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។”

ភាពជាដៃគូនេះត្រូវបានរៀបចំធ្វើឡើងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោក អ៊ុន សុរស្មី អគ្គនាយកស្តីទីក្រុមហ៊ុន ខេមឡៃហ្វ។

តាមរយៈកិច្ចសហការនេះ និយោជិតទាំងអស់ដែលបើកប្រាក់បៀវត្សតាមរយៈធនាគារ វីង នឹងទទួលបានកញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃរហូតដល់ ១.០០០ ដុល្លារសម្រាប់នយោជិតម្នាក់ៗ។ កញ្ចប់ធានារ៉ាប់រងនេះ ត្រូវបានផ្តល់ជូនក្រោមផលិតផល “Simple One” របស់ក្រុមហ៊ុន ខេមឡៃហ្វ ដែលផ្តល់សំណងលើការការពារគ្រោះថ្នាក់បណ្តាលឱ្យបាត់បង់ជីវិត និងពិការភាពអចិន្រ្តៃយ៍ទាំងស្រុង ក្នុងនោះរួមមាន៖ ការបាត់បង់ ឬពិការអវយវៈណាមួយ (ដៃ ជើង ឬភ្នែក)។

ដើម្បីប្រាកដថាមនុស្សជាទីស្រលាញ់របស់ពួកគេទទួលបានការយកទុកចិត្តដាក់ក្នុងគ្រាមានអាសន្ន នយោជិតម្នាក់ៗអាចចាត់តាំងអ្នកទទួលផលចំនួនម្នាក់ ដែលអាចជាប្តី ប្រពន្ធ កូន ឪពុក ឬម្តាយ។ ការណ៍នេះជួយបង្កើនសុវត្ថិភាពបានមួយកម្រិតទៀតដែលផ្តល់នូវអារម្មណ៍ស្ងប់ចិត្ត ក៏ដូចជាជួយជ្រោមជ្រែងទៅដល់នយោជិត និងក្រុមគ្រួសាររបស់ពួកគេផងដែរ។

លោក អ៊ុន សុរស្មី អគ្គនាយកស្តីទីក្រុមហ៊ុន ខេមឡៃហ្វ បានសម្តែងនូវមោទកភាពដែលបានចាប់ដៃគូជាមួយធនាគារ វីង ដើម្បីផ្តល់កញ្ចប់ធានារ៉ាប់រងដ៏សំខាន់នេះទៅដល់នយោជិត។ លោកបានបញ្ជាក់ថា៖ “កិច្ចសហការនេះផ្តល់ឱ្យនយោជិតទទួលបានសុវត្ថិភាពការពារមួយកម្រិតទៀត ដែលផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។”

លោក អ៊ុន សុរស្មី បានបន្ថែមថា៖ “តាមរយៈការរួមកម្លាំងជាមួយធនាគារ វីង យើងនឹងអាចរួមបញ្ចូលចំណុចខ្លាំងនៃស្ថាប័នទាំងពីរដើម្បីលើកកម្ពស់សុវត្ថិភាពហិរញ្ញវត្ថុទៅដល់នយោជិតទាំងអស់ដែលជាដៃគូបើកប្រាក់បៀវត្សតាមធនាគារ វីង។ កិច្ចសហការនេះស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយបេសកកម្មរបស់យើងក្នុងការផ្តល់ជូននូវដំណោះស្រាយសេវាធានារ៉ាប់ដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ ទៅដល់សហគមន៍មានចំណូលទាប ដែលអាចជួយបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់កាន់ប្រសើរថែមទៀត។”

បច្ចុប្បន្នមាននិយោជិតជាង ៣៨០.០០០ នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នជាច្រើននៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់សេវាធនាគារ វីង សម្រាប់ការបើកប្រាក់បៀវត្ស ហើយកិច្ចសហការនាពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់ពួកគេ។ បន្ថែមលើការទទួលបានអត្ថប្រយោជន៍នៃកញ្ចប់បើកបៀវត្សដ៏ពិសេសនេះ នយោជិតទាំងអស់ក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងដែររួមមាន៖ ការដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារវីងជាង ១១.០០០ កន្លែងទូទាំងប្រទេសកម្ពុជា, ការប្រើប្រាស់ម៉ាស៊ីន ATMs ឥតគិតថ្លៃ និងមិនគិតថ្លៃសេវាឆ្នាំដំបូងសម្រាប់កាតឥណទានធនាគារ វីងវីសា និងកាតឥណពន្ធធនាគារ វីងវីសា។

លើសពីនេះ នយោជិតទាំងអស់ក៏អាចស្នើកម្ចីវីងឌីជីថលឡូន ដោយមិនទាមទារទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ ហើយថែមទាំងអាចខ្ចីបានភ្លាមៗ ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុពេលមានតម្រូវការបន្ទាន់។

ជាមួយគ្នានេះ និយោជក ឬម្ចាស់ក្រុមហ៊ុនដែលប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាម Wingbiz+ របស់ធនាគារ វីង ក៏ទទួលបានអត្ថប្រយោជន៍ពីការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិតាមប្រព័ន្ធ SWIFT ឥតគិតថ្លៃ, និងមិនយកថ្លៃសេវាសម្រាប់ក្រុមការងារផ្តល់សេវាតំហែទាំប្រព័ន្ធបើកបៀវត្សទៀតផង។ ទន្ទឹមគ្នានេះ នយោជិតទាំងអស់ក៏អាចទូទាត់វិក្កយបត្រទឹក-ភ្លើង និងវិក្កយបត្រផ្សេងៗទៀតមិនគិតថ្លៃសេវាបន្ថែមឡើយ ព្រមទាំងអាចប្រើប្រាស់សេវាកម្មជាច្រើនទៀតតាមរយៈអេប Wing Bank។

កិច្ចសហការរវាងធនាគារ វីង ជាមួយក្រុមហ៊ុន ខេមឡៃហ្វ បង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងសុវត្ថិភាពទៅដល់នយោជិតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការផ្តល់ជូនធានារ៉ាប់រងពេញលេញមួយ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ធនាគារ វីង នៅតែបន្តការយកចិត្តទុកដាក់របស់ខ្លួនដើម្បីជួយគាំទ្រ និងជំរុញឱ្យមានការ ផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។

ដើម្បីទទួលបានព័ត៌មានបន្ថែមពីអត្ថប្រយោជន៍ដ៏មានសារៈសំខាន់ទាំងនេះ នយោជក ឬម្ចាស់ក្រុមហ៊ុននានា អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនធនាគារ វីង តាមរយៈទូរសព្ទលេខ 023 999 989៕