(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា មិនអាចឡើងវគ្គចែកពូល នៃការប្រកួតជើងឯកយុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (Asian Men's U20 Volleyball Championship) នៅប្រទេសឥណ្ឌូនេស៊ីនោះទេ ក្រោយបរាជ័យក្រោមថ្វីដៃក្រុមជម្រើសជាតិ U20 វៀតណាម យ៉ាងប្រផិតប្រផើយ ដោយលទ្ធផល ៣-២ (សិត) ក្នុងជំនួបវគ្គជម្រុះលើទឹកដីកណ្ដាល នាកីឡដ្ឋាន Nakhon Pathom Gym ប្រទេសថៃ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ការប្រកួតដ៏ស្វិតស្វាញនេះ ៤សិតដំបូង ក្រុមទាំងពីរ បានយកឈ្នះគ្នាទៅវិញទៅមក ដោយសិតទី១ កម្ពុជា បានយកឈ្នះ ២៥-២១ពិន្ទុ ខណៈសិតទី២ វៀតណាម បានយកឈ្នះវិញ ២៥-១៦ពិន្ទុ។ ចំណែកសិតទី៣ កម្ពុជា បានយកឈ្នះជាថ្មី ២៥-២០ពិន្ទុ មុនវៀតណាម យកឈ្នះនៅសិតទី៤ វិញ ២៥-២២ពិន្ទុ។ លទ្ធផលស្មើនេះ នាំឲ្យក្រុមទាំងពីរ ឈានដល់ការប្រកួតសិតទី៥ ដើម្បីកាត់សេចក្ដី តែគួរឲ្យស្ដាយ កម្ពុជា ភ្លាត់ចាញ់វៀតណាម ១៥-៥ពិន្ទុ ធ្វើឲ្យរបូតកៅអីវគ្គចែកពូលតែម្ដង។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមបាល់ទះជម្រើសជាតិ U20 កម្ពុជា បានចូលរួមប្រកួតពានរង្វាន់លក្ខណៈអន្ដរជាតិ បន្ទាប់ពីសហព័ន្ធប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល ៦សប្ដាហ៍។ ចំពោះក្រុមបាល់ទះ U20 វៀតណាម ក្រោយទទួលបានជ័យជម្នះខាងលើ ពួកគេនឹងឡើងទៅបង្គ្រប់ពូលD ជាមួយបេក្ខភាព ៣ក្រុមទៀត ដែលកំពុងឈរចាំ រួមមានក្រុម U20 ថៃ, កាហ្សាក់ស្ថាន និងកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រកួតវគ្គចែកពូល នៃព្រឹត្តិការណ៍ Asian Men's U20 Volleyball Championship 2024 នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៣-៣០ ខែកក្កដាខាងមុខ៕