(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ ដោយវាយបកតាមស្មើក្រុមជម្រើសជាតិ U16 វៀតណាម ១-១ សម្រាប់ការប្រកួតទី២ ក្នុងពូលB នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នៅរាត្រីថ្ងៃទី២៥ ខែមិថុនានេះ នៅប្រទេសឥណ្ឌូនេស៊ី ។

ជំនួបដ៏ជក់ចិត្តនេះ ក្រុម U16 វៀតណាម បានបើកការនាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Nguyen Viet Long នៅនាទី៥៧ បន្ទាប់ពីក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ នៅវគ្គទី១ ។ ប៉ុន្ដែក្រោយការនាំមុខ មិនទាន់បាន ៥នាទីស្រួលបួលផង ក្រុមគោព្រៃជំទង់កម្ពុជា ក៏វាយបកតាមស្មើវិញ តាមរយៈការតែតបញ្ចប់ទីយ៉ាងល្អរបស់កីឡាករ ផាន វីរៈ នៅនាទី៦២ ។

បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ស្របពេលក្រុមជម្រើសជាតិ U16 កម្ពុជា បានបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់របស់វៀតណាមកាន់តែច្រើន តែមិនមានក្រុមណាអាចស្វែងរកគ្រាប់បាល់បន្ថែមបានទៀតឡើយ ដោយរក្សាលទ្ធផល ១-១ រហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមយុវជន U16 កម្ពុជា បន្ដឈរលេខ២ ក្នុងពូល B ដោយរកបាន ៤ពិន្ទុ ស្មើក្រុមកំពូលតារាង U16 វៀតណាម ។ ក្រុមទាំងពីរ នៅសល់ ១ប្រកួតម្នាក់ទៀត ដោយកម្ពុជា ត្រូវជួបក្រុមបាតតារាងប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ។

យ៉ាងណាមិញលទ្ធផលបណ្ដោះអាសន្នពេលនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា នៅតែមានឱកាសខ្ពស់ ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U16 Boy’s Championship 2024 នេះ ៕