(ប៉ារីស)៖ អតីតកីឡាករឆ្នើមក្លិបកាំភ្លើងធំ Arsenal និងខ្សែប្រយុទ្ធជម្រើសជាតិបារាំង លោក Thierry Henry ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត ដែលត្រូវបានពិចារណា ក្នុងការស្នងតំណែងលោក Rob Page ក្នុងនាមជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិវ៉េល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

Henry ដែលធ្លាប់ដឹកនាំក្លិប AS Monaco និងក្លិប Montreal Impact រូបនេះ បានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិ U-21 បារាំង និងកំពុងត្រៀមដឹកនាំក្រុមអត្តពលិក Olympic បារាំង សម្រាប់ព្រឹត្តិការណ៍នៅទីក្រុង Paris នាខែក្រោយដែរ។

បុរសវ័យ ៤៦ឆ្នាំរូបនេះ បានទំនាក់ទំនងជាមួយវ៉េល ដោយបានសិក្សាអំពីអាជីពជាគ្រូបង្វឹករបស់លោក ជាមួយសមាគមបាល់ទាត់វ៉េលនាពេលកន្លងមក (FAW)។

សូមជម្រាបថា FAW បានបញ្ចប់តំណែងលោក Page កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីដឹកនាំបាន ៣ឆ្នាំកន្លះ ក្រោយពីការបរាជ័យរបស់វ៉េល ក្នុងការឡើងទៅលេងនៅព្រឹត្តិការណ៍ Euro 2024៕