(ឡុងដ៍)៖ អតីតខ្សែការពារជើងចាស់អង់គ្លេស Ashley Young បានចុះហត្ថលេខាបន្តកិច្ចសន្យា ១ឆ្នាំថែមទៀតជាមួយក្លិបស្ករគ្រាប់ Everton ស្របពេលដែលការពិភាក្សា ដើម្បីចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធក្លិបបារាំង Marseille កីឡាករ IIiman Ndiaye កំពុងដំណើរការយ៉ាងល្អ ក្នុងការផ្ទេរមកក្លិប Everton ។។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

Young វ័យ ៣៨ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំកាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួន ៣៤លើក ខណៈក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៥ ក្នុងលីគ Premier League។

ដោយឡែក កីឡាករអន្តរជាតិសេណាហ្គាល់ Ndiaye វ័យ ២៤ឆ្នាំ រកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៦លើកឱ្យក្លិប Marseille កាលពីរដូវកាលមុន បន្ទាប់ពីបានចូលរួមជាមួយក្លិប ក្រោយផ្ទេរមកពីក្លិប Sheffield United ក្នុងតម្លៃ ២០លានផោន។

BBC Sport បានដឹងថា ក្លិប Marseille និង Everton កំពុងខិតជិតក្នុងការសម្រេចនូវកិច្ចព្រមព្រៀង ដើម្បីផ្ទេរកីឡាកររូបនេះ ឱ្យចូលរួមជាមួយ Everton។

Ndiaye អាចនឹងក្លាយជាកីឡាករទី៣ ដែលបានចុះកិច្ចសន្យាជាមួយ​ Everton ក្នុងរដូវក្តៅនេះ បន្ទាប់ពីការចុះកិច្ចសន្យារបស់ខ្សែបម្រើស្លាប Jack Harrison និងខ្សែបម្រើ Tim Iroegbunam។

សូមជម្រាបថា អតីតកីឡាករក្លិប Manchester United, Villa និងក្លិប Inter Milan គឺ Young បានឈ្នះពានរង្វាន់លីគ Premier League, Serie A, FA Cup និងពានរង្វាន់ Euroa League ក្នុងអាជីពបាល់ទាត់រយៈពេល ២១ឆ្នាំរបស់លោក ព្រមទាំងទទួលបានការកោះហៅលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ចំនួន ៣៩លើកផងដែរ៕