(ម៉ាទ្រីដ)៖ ខ្សែការពារ និងជាប្រធានក្រុមក្លិប Real Madrid កីឡាករ Nacho នឹងចាកចេញពីក្លិប បន្ទាប់ពីកីឡាកររូបនេះលេងបាន ២៣ឆ្នាំ នៅឯកីឡដ្ឋាន Santiago Bernabeu។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៦លើកជាមួយ Real Madrid គិតចាប់តាំងពីចូលរួម ជាមួយសាលាបណ្តុះបណ្តាលយុវជនរបស់ក្លិបក្នុងឆ្នាំ២០០១ ព្រមទាំងបានឈ្នះពានរង្វាន់លីគ La Liga ៤លើក និងពានរង្វាន់ Copa del Reys ចំនួន ២លើកដែរ។

«Real Madrid សូមប្រកាសថា ប្រធានក្រុមរបស់យើង Nacho បានសម្រេចចិត្តចាកចេញ ក្នុងនាមជាកីឡាកររបស់ក្លិប Real Madrid»។ ក្លិបអេស្ប៉ាញបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា Nacho បានជាប់ពាក់ព័ន្ធនឹងព័ត៌មាន ផ្លាស់ទៅលេងនៅក្លិប Al-Qadsiah ក្នុងលីគអារ៉ាប៊ីសាអូឌីត Saudi Pro League នាពេលថ្មីៗនេះ៕