(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen Group នឹងវិនិយោគរហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Rivian ដោយក្នុងនោះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការចែករំលែកផ្នែកស្ថាបត្យកម្ម និង Software សម្រាប់រថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ភាគហ៊ុនរបស់ Rivian បានកើនឡើងប្រហែល ៥០% ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ខណៈដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ បានកើនឡើងជិត ៦ពាន់លានដុល្លារ។

ទឹកប្រាក់មួយផ្នែកដែលបានមកពីការវិនិយោគនេះ ក្រុមហ៊ុន Rivian នឹងយកទៅអភិវឌ្ឍន៍ទៅលើរថយន្តថ្មីចំនួនពីរម៉ូដែល ដែលគ្រោងនឹងចេញលក់នៅឆ្នាំ២០២៦ ដោយវានឹងលក់នៅក្នុងតម្លៃសមរម្យ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ការចាប់ផ្តើមអាជីវកម្មរថយន្តអគ្គិសនីគឺមានផលលំបានបន្តិចសម្រាប់ក្រុមហ៊ុន Startup ថ្មីៗ ដោយសារតែតម្រូវការនៅលើទីផ្សារទាប និងការប្រកួតប្រជែងខ្ពស់ ជាពិសេសគឺក្រុមហ៊ុនផលិតរថយន្តធំៗ បានចាប់ផ្តើមឈានជើងចូលទីផ្សារមួយនេះ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តថ្មីៗ មានការលំបាកក្នុងការប្រកួតប្រជែង ក៏ព្រោះតែក្រុមហ៊ុនចាស់វស្សាទាំងនោះមានទីផ្សារ និងប្រជាប្រិយភាពស្រាប៕