(បរទេស)៖ ក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូនសកល Counterpoint Research បានបង្ហាញរបាយការណ៍ថ្មីថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន Huawei បាននាំមុខក្នុងការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនក្នុងអំឡុងថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ដែលស្របពេលជាមួយនឹងពិធីបុណ្យទិញទំនិញ ៦១៨។ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិនបានកើនឡើង ៤២.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងពេលនេះ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពពី Counterpoint Research ដដែលបានឱ្យដឹងទៀតថា ការលក់របស់ក្រុមហ៊ុន Huawei ត្រូវបានជំរុញដោយតម្រូវការផលិតផលបច្ចេកវិទ្យា 5G ថ្មីរបស់ខ្លួន។ យ៉ាងណាមិញ ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិនបានកើនឡើងប្រមាណ ៦.៨ភាគរយក្នុងអំឡុងពេលនេះធៀបនឹងឆ្នាំមុន ខណៈការលក់របស់ក្រុមហ៊ុន Xiaomi កើនឡើងជិត ១២.៦ភាគរយ ហើយការលក់របស់ Apple កើនឡើង ២.៧ភាគរយ។

គួរជម្រាបថា កាលពីត្រីមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Huawei ក៏បានទម្លាក់តំណែង Samsung និងបានដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ជាលើកដំបូងផងដែរ។ ខណៈពេលនោះរបាយការណ៍បានបង្ហាញថា Huawei កាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៥ភាគរយឯណោះនៃចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់ ជាមួយនឹងកំណើន ២៥៧ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣៕