(ភ្នំពេញ)៖ Move បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ក្នុងគោលបំណងធ្វើទំនើបកម្មសេវាកម្មដឹកអ្នកដំណើរ និងដំណោះស្រាយនៃការទូទាត់តាមប្រព័ន្ធឌីជីថល នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ នឹងផ្ដល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ទៅដល់អ្នកដំណើរតាមរយៈការផ្ដល់សេវាកម្ម ដែលមានស្ដង់ដារ សុវត្ថិភាពខ្ពស់ និងតម្លៃទាបជាងគេ ជាមួយនឹងជម្រើសយានជំនិះជាច្រើនប្រភេទរួមមាន តុកតុក (កង់បី) និងឡានតាក់ស៊ីជាច្រើនប្រភេទរបស់ Move ជាមួយនឹងការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង ដើម្បីធានាបាននូវសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួល ព្រមទាំងមានការប្រូម៉ូសិនពិសេសៗជាច្រើន សម្រាប់អតិថិជនទាំងអស់ដែលជាអ្នកធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។

លោក Zheng Pei អគ្គនាយកប្រតិបត្តិ Move បានលើកឡើងថា «ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ស្របពេលដែលយើងពង្រីកការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរ ដែលមានយានជំនិះជាច្រើន​ និងសុវត្ថិភាព រួមបញ្ចូលជាមួយនឹងជម្រើសទូទាត់ថ្លៃធ្វើដំណើរសម្បូរបែបជាងគេតែមួយគត់ មិនថាការទូទាត់ជាសាច់ប្រាក់​ កាតឥណទាន និង​ការទូទាត់តាមប្រព័ន្ធឌីជីថលផ្សេងៗទៀត នៅក្នុងផ្លេតហ្វមធ្វើដំណើររបស់ Move»

ធនាគារ វីង ដែលជាធនាគារ ឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូប នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា «កិច្ចសហការនាពេលនេះ គឺបង្ហាញពីចក្ខុវិស័យរបស់យើង ដើម្បីបង្កើតសង្គមមួយកាន់តែមានការតភ្ជាប់ និងប្រកបដោយបរិយាបន្ន។ តាមរយៈការសហការជាមួយ Move យើងបោះជំហានទៅមុខដ៏សំខាន់មួយទៀត សំដៅផ្តល់សិទ្ធអំណាចទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប ងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុ និងមធ្យោបាយធ្វើដំណើរអាចទុកចិត្តបាន»

ក្រៅពីសេវាកម្មហៅជិះភ្លាមៗដ៏សម្បូរបែប និងតម្លៃសមរម្យ Move ក៏មានសេវាកម្មជាច្រើនទៀត ដូចជាការកក់តាក់ស៊ីទុកមុន ដើម្បីចៀសវាងការខកម៉ោង (Reservation)​ សេវាកម្មទទួលអតិថិជនពីព្រលានយន្តហោះ ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer) សេវាកម្មជួលឡានគ្រប់ប្រភេទទាំងក្នុងក្រុង (City Rental) និងឆ្លងខេត្ត (Intercity) ដោយជួលមានតៃកុងក៏បាន ឬអត់តៃកុងក៏បាន ក្នុងផ្លេតហ្វមធ្វើដំណើររបស់ Move ​ដែលក្នុងនោះអតិថិជន វីង នឹងអាចធ្វើការកក់ជិះសេវាកម្មធ្វើដំណើររបស់ Move និងអាចជ្រើសរើសយក Wingpay ក្នុងការទូទាត់ថ្លៃធ្វើដំណើររបស់ខ្លួន ប្រកបដោយភាពងាយស្រួលផងដែរ។

ចំណុចពិសេសមួយទៀតរបស់ Move គឺមានបុគ្គលិកផ្នែកបម្រើសេវាអតិថិជន ២៤ ម៉ោងលើ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ប្រចាំការជួយដោះស្រាយបញ្ហាជូនអតិថិជន ដែលគ្រប់បុគ្គលិកបម្រើសេវាអតិថិជនទាំងអស់សុទ្ធតែអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ ដែលជាចំណែកមួយជួយសម្រួលទៅដល់ភ្ញៀវជាតិ និងអន្តរជាតិដែលបានមកប្រទេសកម្ពុជា ជាពិសេសគឺភ្ញៀវទេសចរណ៍។

គួរជម្រាបផងដែរថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អតិថិជនរបស់ Move ដោយហេតុថា Move ពិតជាគិតគូរយ៉ាងខ្លាំងទៅដល់សុវត្ថិភាព និងតម្រូវការរបស់អតិថិជនរបស់ខ្លួន នៅពេលដែលអតិថិជនមានជម្រើសក្នុងការទូទាត់ថ្លៃធ្វើដំណើរ​ នៅក្នុងសម័យឌីជីថលនេះ ហើយក៏ជាផ្នែកមួយជួយលោកអ្នកក្នុងការថែរក្សានូវសុវត្ថិភាព ក្នុងការទូទាត់តាមដងផ្លូវ ឬទីសាធារណៈ។ អ្វីដែលសំខាន់វាក៏ជាផ្នែកមួយជួយលោកអ្នក ក្នុងការតាមដានការចំណាយផងដែរ ព្រោះថាការចំណាយ លុយតាមឌីជីថល គឺនឹងបន្សល់នូវប្រវត្តិប្រតិបត្តិការជាក់លាក់។

សម្រាប់ព័ត៌មានបន្ថែម និងប្រូម៉ូសិនថ្មីៗអំពីភាពជាដៃគូរវាង Move ជាមួយនឹង ធនាគារ វីង សូមចូលទៅកាន់ [www.movesuperapp.com]​​ ឬទំព័រហ្វេកប៊ុកផ្លូវការ [https://www.facebook.com/MoveByLMCAR]៕