(ភ្នំពេញ)៖ ការរៀបចំ​ចាប់​ឆ្នោត​បែងចែកការប្រកួត​កីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័​ន​ ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ មានសរុបចំនួន២២ក្រុមចូលរួម នឹងចាប់ផ្ដើមប្រកួតជាផ្លូវការពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន ស្មាន អ អេស អិន (Smart RSN) ក្លឹបបាល់ទាត់ភ្នំពេញក្រោន។

កម្មវិធី​ចាប់ឆ្នោតនេះធ្វេីឡេីងក្រោម​អធិបតីភាព​ លោក​ ណុប រតនៈ អនុប្រធាន​ផ្នែក​ក្រសួង​-ស្ថាប័ន​ នៃយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់។

ការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ខាងលើនេះ ក្នុងគោលបំណងចូលរួមអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» និងសម្ដែងនូវកត្តញ្ញូធម៌រំលឹកដឹងគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងជាអគ្គមគ្គទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា ព្រមទាំងក្រើនរំលឹកយុវជនគ្រប់ស្រទាប់ ឲ្យមានស្មារតីរំលឹកដល់ទុក្ខវេទនារបស់ខ្មែរបណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។

ជាពិសេសបំផុសស្មារតីយុវជនជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សា ឲ្យបាននូវសុខសន្តិភាពនេះជាដាច់ខាត និងដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអនុញ្ញាតឲ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤។

ការរៀបចំនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងដើម្បីពង្រឹងក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នឲ្យមាន៖

* សាមគ្គីភាព និងមិត្តភាព
* មានសុខភាពល្អកម្លាំងមាំមួន
* ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ
* ផ្តល់លទ្ធភាពឲ្យយុវជនបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនលើទីលានប្រកួត ដើម្បីឈានទៅកាន់គោលបំណងក្នុងវិស័យបាល់ទាត់របស់ពួកគេ។

សូមបញ្ជាក់ថា ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ មេដាយមាសចំនួន ៣១គ្រឿង និងថវិកាចំនួន ៥លានរៀល, ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ចំនួន ៣១គ្រឿង និងថវិកាចំនួន ៤លានរៀល,​ ក្រុមសមធម៌ (FairPlay) ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, ក្រុមអាជ្ញាកណ្តាលឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, កីឡាករទាត់បញ្ចូលទី ច្រើនជាងគេ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, អ្នកចាំទីឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ១លានរៀល និងគ្រូបង្វឹកឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ១លានរៀល៕