(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Unilever Cambodia នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (ERP) របស់ក្រុមហ៊ុន Unilever Cambodia តាមរយៈ SWIFT FileAct សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃដំណោះស្រាយ Host-to-Host។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System​ (ERP) និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោងប្រកបដោយវិជ្ជាជីវៈ។ ការរួមបញ្ចូលនៃប្រព័ន្ធទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញនៃការបំពេញការងារដោយដៃ ក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និទ្ធស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុន Unilever កម្ពុជា និងឡាវ មានប្រសាសន៍ថា «យើងបានកាត់បន្ថយការបំពេញការងារដោយដៃ និងពេលវេលា សម្រាប់ដំណោះស្រាយទូទាត់ បន្ទាប់ពីរួមបញ្ចូលប្រព័ន្ធ ERP របស់យើងជាមួយប្រព័ន្ធស្នូលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ដំណោះស្រាយដំណើរការការទូទាត់ដោយស្វ័យប្រវត្តិនេះ បានជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបានជួយកាត់បន្ថយការបំពេញការងារដោយដៃ»

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Unilever Cambodia ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ Unilever Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក​ Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា «ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះរួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យ សម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទូទាត់តាមរយៈ Corporate Connect Solutions ​ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង ​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយ ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ៕