(បរទេស)៖ យោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Car News China បានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២៤ ចិនបាននាំចេញរថយន្តចំនួន ៥៦៨,០០០គ្រឿង កើនឡើង ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ២% ពីមួយខែទៅមួយខែ។ យោងតាមលោក Cui Dongshu អគ្គលេខាធិការសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភា ប្រទេសចិនបាននាំចេញរថយន្តចំនួន ២.៤៥លានគ្រឿង កើនឡើង ២៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤ តម្លៃនៃការនាំចេញរថយន្តរបស់ចិន បានឈានដល់ ៤៦.៤ ពាន់លានដុល្លារ ជាមួយនឹងអត្រាកំណើននៃការនាំចេញ ២០.១% ។ តម្លៃនាំចេញជាមធ្យមនៃរថយន្តគឺ ១៩,០០០ដុល្លារក្នុងមួយគ្រឿង ដែលនៅតែមានស្ថិរភាពបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ ងាកមកខែឧសភា ឆ្នាំ២០២៤រថយន្តអគ្គិសនីថ្មី ២០៧,០០០គ្រឿង ត្រូវបាននាំចេញ និងកើនឡើង ៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់ពីខែមករាដល់ខែឧសភា រថយន្តអគ្គិសនីថ្មីចំនួន ៨៧០,០០០ត្រូវបាននាំចេញ កើនឡើង ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបថា ចំណែកទីផ្សារប្រទេសកំពូលទាំងប្រាំ ដែលចិនបាននាំចេញរថយន្តទៅកាន់ច្រើនជាងគេ គឺមានរុស្ស៊ី ប្រេស៊ីល ម៉ិចស៊ីកូ បែលហ្សិក និងចក្រភពអារ៉ាប់រួម។ ក្រៅពីនេះ គឺមាននៅតាមបណ្តារប្រទេសមួយចំនួនទៀត ហើយនេះបង្ហាញឲ្យឃើញថា ទីផ្សារនាំចេញរថយន្តរបស់ប្រទេសចិនទៅកាន់ទីផ្សារប្រទេសនៅជុំវិញពិភពលោក គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចេញរថយន្តរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ នេះ នឹងមានការកើនឡើងខ្លាំងបន្ថែមទៀតធៀបនឹងឆ្នាំ២០២៣៕