(ប៊ែកឡាំង)៖ ៤ប្រកួតនាយប់មិញនេះ បានបិទបញ្ចប់វគ្គសន្សំពិន្ទុតាមពូលដែលមាន ៣៦ប្រកួតក្នុងពានរង្វាន់អឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ជាស្ថាពរ ក្រោយដំណើរការប្រកួតតាំងពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មក ដោយមាន ២៤ក្រុម ចែកចេញជា ៦ពូល (A-F)។

២ប្រកួតដ៏តានតឹងបំផុត ដើម្បីបិទបញ្ចប់ប្រកួតទី៣ ប្រចាំពូល E គឺទទួលបានលទ្ធផលស្មើគ្នាទាំង ២ប្រកួតតែម្តង ពោលគឺស្លូវ៉ាគី ១-១ ទល់នឹងរ៉ូម៉ានី ស្របពេលប៊ែលហ្សិក ក៏មានលទ្ធផល ០-០ ទល់នឹងអ៊ុយក្រែនផងដែរ។ តាមរយៈលទ្ធផលដែលមាន ៤ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នាផងនោះ ក្រុមជម្រើសជាតិរ៉ូម៉ានី ឈរលេខ១ ក្នុងពូល E ដោយសារស៊ុតបញ្ចូលទីសរុបបាន ៤គ្រាប់ ច្រើនជាងក្រុមលេខ២ ប៊ែលហ្សិកដែលស៊ុតបានតែ ២គ្រាប់ គ្រាដែលស្លូវ៉ាគី ឈរនៅលេខ៣ ដ្បិតស៊ុតបញ្ចូលទីគេបាន ៣គ្រាប់ និងរបូតវិញ ៣គ្រាប់ដូចគ្នា។

ចំណែកឯអ៊ុយក្រែន ឈរនៅបាតតារាងក្នុងនាមមាន ៤ពិន្ទុដែរ តែជំពាក់គ្រាប់បាល់គេ ២គ្រាប់ ពីការស៊ុតគេបាន ២គ្រាប់ និងរបូតវិញ ៤គ្រាប់ឯណោះ។

ដោយឡែកសម្រាប់ ២ប្រកួត ដើម្បីបិទបញ្ចប់ពូល F ចុងក្រោយគេវិញ តួកគីបានយកឈ្នះសាធារណរដ្ឋឆេក ២-១ ទទួលបានចំណាត់ថ្នាក់លេខ២ ឡើងទៅវគ្គ ១៦ក្រុមជាមួយព័រទុយហ្គាល់ផងដែរ។ អតីតជើងឯក Euro 2016 បច្ចខែលព័រទុយហ្គាល់ លេងចាញ់ហ្ស៊កហ្ស៊ី ២ទល់នឹង០ ដែលញាំងឱ្យហ្ស៊កហ្ស៊ី មាន ៤ពិន្ទុ ជាប់ឈ្មោះក្នុងនាមក្រុមលេខ៣ ល្អទាំង ៤ក្រុម ក៏បានឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែរ។ ពួកគេបានចូលរួមជាមួយហូឡង់ ស្លូវ៉ាគី និងស្លូវេនី ស្របពេលហុងគ្រី និងក្រូអាត បានត្រឹមខកបំណង៕