(ម៉ូនិច)៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Phil Foden បានចាកចេញ «ជាបណ្តោះអាសន្ន» ពីជំរំ Euro 2024 របស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងប្រទេសអាល្លឺម៉ង់ និងបានវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ ដើម្បីមានវត្តមានសម្រាប់កំណើតកូនទី៣ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អង់គ្លេស FA បានឱ្យដឹងថា កីឡាករលេងនៅក្លិប Manchester City រូបនេះ ចាំបាច់ត្រូវត្រឡប់ទៅផ្ទ ដោយសារហេតុផល «មានបញ្ហារឿងគ្រួសារ» ។ Foden ជាមួយនិងមិត្តស្រី Rebecca Cooke ធ្លាប់បានប្រកាសផងដែរនៅលើបណ្តាញសង្គម Instagram ថាពួកគេកំពុងមានកូនទី៣ ខណៈពួកគេទាំងពីរ កំពុងមានកូន ២នាក់ ដោយកូនប្រុសច្បងមានឈ្មោះ Son Ronnie មានអាយុ ៥ឆ្នាំ និងកូនស្រី True អាយុ ២ឆ្នាំ។

សូមជម្រាបផងដែរ Foden បានជាប់ឈ្មោះលេង ៣៧លើកឱ្យក្រុមតោកំណាចអង់គ្លេសនោះ ក៏បានស្ថិតក្នុងជម្រើស ១១នាក់ដំបូងនៃការប្រកួតសន្សំពិន្ទុតាមពូលរបស់អង់គ្លេស ទាំង ៣លើកនៅព្រឹត្តិការណ៍ Euro 2024 គិតមកទល់ពេលនេះ ក្នុងនោះរាប់ទាំងការប្រកួតលទ្ធផលស្មើ កាលពីថ្ងៃអង្គារជាមួយស្លូវេនី ផងដែរ។

គួរបញ្ជាក់ថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Gareth Southgate ពេលនេះបានបញ្ចប់ការប្រកួតសន្សំពិន្ទុតាមពូលរួចហើយ ដោយឈរនៅកំពូលក្នុងពូល C មាន ៥ពិន្ទុពីការលេង ៣ប្រកួត ហើយក្រុមបានឈានទៅការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅទីក្រុង Gelsenkirchen នាថ្ងៃអាទិត្យចុងសប្តាហ៍នេះទល់នឹងស្លូវ៉ាគី ៕